(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពិភពលោកកំពុងឃ្លាំមើលចំណាត់ការឆ្លើយតបរបស់អាជ្ញាធរអ៊ីរ៉ង់ទៅនឹងបាតុកម្មតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល ដែលបានផ្ទុះឡើងនៅទីក្រុងជាច្រើនអស់រយៈពេលជាង០៣ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅលើបណ្ដាញ Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ការតវ៉ាដោយសន្តិវិធីរបស់ប្រជាជនអ៊ីរ៉ង់ ធ្វើឡើងដើម្បីសម្ដែងការមិនពេញចិត្តចំពោះអំពើ ពុករលួយនៃរបបដឹកនាំបច្ចុប្បន្ន រួមទាំងការខ្ជះខ្ជាយធនធានរបស់ពួកគេក្នុងការគាំទ្រដល់ពួកភេរវករនៅឯបរទេស...ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់គួរតែគោរពសិទ្ធិនៃពលរដ្ឋរបស់ ខ្លួនក្នុងនោះរួមមានទាំងសិទ្ធិបញ្ចេញមតិផងដែរ ខណៈពិភពលោកកំពុងឃ្លាំមើល»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាជាលើកទី០៣ នៅក្នុងរដ្ឋធានីតេហេរ៉ង់ និងទីក្រុងជាច្រើនផ្សេងទៀត ដើម្បីរំលឹកដល់ ខួបនៃភាពចលចលក្រោយការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៩ ក៏ដូចជាសម្ដែងការប្រឆាំងជំទាស់នឹងបញ្ហាសេដ្ឋកិច្ច និងអំពើពុករលួយ។ ប៉ុន្តែទន្ទឹមគ្នា ការតវ៉ា នេះបានប្រែក្លាយជាអំពើហិង្សាដោយបណ្ដាលឱ្យមនុស្សពីរនាក់បាត់បង់ជីវិត៕