(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកពិតជាជឿជាក់ថា ខ្លួននឹងទទួលបានតម្លាភាព នៅក្នុងដំណើរការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស ជុំវិញរឿងអាស្រូវដែលថា រដ្ឋាភិបាលរុស្ស៊ី បានលូកដៃជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន ហើយមានទំនាក់ទំនងសម្ងាត់ជាមួយក្រុមយុទ្ធនាការលោក ត្រាំ ក៏ប៉ុន្តែលោកបាននិយាយថា មិនដឹងថាការស៊ើបអង្កេតនេះ នឹងបន្តប្រព្រឹត្តទៅដល់ពេលណានោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ខណៈមន្រ្តីជាបក្ខពួករបស់លោក ត្រាំ នាអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់ក្រុមការងាររដ្ឋអាជ្ញាពិសេស ដែលដឹកនាំដោយអតីតនាយកទីភ្នាក់ងារ FBI លោក Robert Mueller នៃក្រសួងយុត្តិធម៌ថា មានភាពលម្អៀងប្រឆាំងមកលើលោកប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋរូបនេះនោះ លោក ដូណាល់ ត្រាំ ហាក់ដូចជាពុំមានក្តីព្រួយបារម្ភនោះឡើយ អំពីដំណើរការនៃការស៊ើបអង្កេតនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត New York Times នៅឯក្លឹបវាយកូនហ្គោលរបស់លោក ក្នុងរដ្ឋផ្លូវរីដា លោក ត្រាំ បានលើកឡើងថា វាពុំមានការសមគំនិតគ្នាណាមួយ ជាមួយប្រទេសរុស្ស៊ីឡើយ ក៏ប៉ុន្តែខ្ញុំជឿថាលោក Muller នឹងធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពនិងយុត្តិធម៌។
គួរជម្រាបថា ក្នុងការស៊ើបអង្កេតមកទល់ពេលនេះ លោក Mueller បានធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើមនុស្សជំនិតរបស់លោក ត្រាំ ចំនួន០៤រូបហើយ ដោយក្នុងនោះក៏រួមមានទាំងអតីតមន្រ្តីសន្តិសុខជាតិរបស់លោក គឺលោក Michael Flynn ដែលទើបឆ្លើយសារភាពកំហុសថា បានផ្តល់សេចក្តីថ្លែងការណ៍កុហក នៅចំពោះមុខទីភ្នាក់ងារស៊ើបអង្កេត FBI ផងដែរ។ ជាមួយគ្នានេះ ប្រទេសរុស្ស៊ី បានបន្តបដិសេធជានិច្ចថា មិនបានលូកលាន់ក្នុងដំណើរការបោះឆ្នោត អាមេរិកឡើយ៕