(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បានថ្លែងនាចុងសប្តាហ៍នេះថា ក្រុមមន្រ្តីការទូត នៅតែបន្តជាអ្នកដឹកនាំជួរមុខនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េដដែល ទោះបីជាសព្វថ្ងៃអន្តរជាតិកំពុងព្រួយបារម្ភខ្លាំងថា នឹងអាចឈានដល់ការប្រឈមមុខដាក់គ្នា ដោយកម្លាំងយោធាយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯរដ្ឋធានីវ៉ាស៊ីនតោន លោក Mattis បាននិយាយថា នាខណៈពេលនេះ វាច្បាស់ណាស់ថាកិច្ចប្រឹងប្រែងដែលយកកិច្ចទូតជាធំ រួមជាមួយការគាំទ្រជ្រោមជ្រែង ផ្នែកការទូតយ៉ាងពេញទំហឹង ពីអន្តរជាតិ កំពុងតែបន្តប្រព្រឹត្តទៅ ដើម្បីដោះស្រាយភាពតានតឹង ដែលកើនឡើងកាន់តែក្តៅគគុក នៅឧបទ្វីបកូរ៉េ ក្រោយការធ្វើតេស្តនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ ដោយប្រទេសកូរ៉េខាងជើងនាឆ្នាំនេះ។ លោក Mattis បានបញ្ជាក់ច្បាស់ថា «យើងនៅតែមានមន្រ្តីកិច្ចការទូត ជាអ្នកនាំមុខសម្រាប់បញ្ហានេះដដែល»។
ដោយឡែក នៅពេលត្រូវបានចោទសួរពីអ្នកកាសែតថា តើសហរដ្ឋអាមេរិក មានបានពិចារណាពន្យាពេល នៃការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាត្បូង ដែលគ្រោងធ្វើឡើងនាខែកុម្ភៈឆ្នាំក្រោយ ដែរឬយ៉ាងណានោះ ប្រមុខការពារជាតិអាមេរិក បានឆ្លើយបង្វៀងថា ការកំណត់កាលវិភាគសាជាថ្មីនៃសមយុទ្ធនេះ គឺទាក់ទិននឹងហេតុផលជាច្រើន រួមមានកត្តានាវា និងកត្តានយោបាយជាដើម។ លោក Mattis បានបន្ថែមដូច្នេះថា «ខ្ញុំមិនយល់ថា ការកំណត់កាលវិភាគឡើងវិញ គឺជាការផ្អាកធ្វើសមយុទ្ធនោះឡើយ»។
គួររំលឹកថា នៅខែធ្នូនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានលើកឡើងថា ប្រសិនបើកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្ហហេតុរបស់ខ្លួន រហូតដល់ព្រឹត្តិការណ៍អូឡាំពិករដូវរងា PyeongChang ប្រព្រឹត្តទៅដោយរលូននោះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក អាចគិតពិចារណាឡើងវិញ អំពីការពន្យាពេលនៃធ្វើការធ្វើសមយុទ្ធរួមរបស់ប្រទេសទាំងពីរ ដែលត្រូវបានកំណត់ថា នឹងធ្វើឡើងអំឡុងពេលនៃការប្រកួតកីឡានេះ៕