(ប៉េកាំង)៖ និយ័តករអ៊ីនធើណែតនៃប្រទេសចិន បានបង្គាប់ឲ្យកម្មវីធីព័ត៌មានលើទូរស័ព្ទ ដ៏មានប្រជាប្រិយចំនួន ០២ ផ្អាកដំណើរការជាបណ្តោះអាសន្ននូវ Channel ខ្លះរបស់ពួកគេ ដោយសារតែការចែកចាយនូវព៌ត៌មានអាសអាភាស និងអសីលធម៌ព្រមទាំងការផ្តល់សេវាព័ត៌មានដោយពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ការិយាល័យឃ្លាំមើលផ្នែកព័ត៌មានវិទ្យានៃរដ្ឋធានីប៉េកាំង បានឲ្យដឹងថា «កម្មវីធីព័ត៌មាន Toutiao និង Phoenix បានបន្តផ្សព្វផ្សាយនូវរូបភាព និងវីដេអូអាសអាភាស ដែលបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំ និងបានបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានជាខ្លាំង នៅក្នុងរង្វង់នៃបណ្តាញព័ត៌មានអនឡាញ»។ ក្រៅពីនេះកម្មវីធីទាំង ០២ ក៏ត្រូវគេរកឃើញថា បានចេញផ្សាយខ្លឹមសារព័ត៌មាន ដោយពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវផងដែរ។
គួរជម្រាបថា បណ្តាញ Channel ចំនួន ០៦ របស់សារព័ត៌មាន Toutiao ត្រូវបានបង្គាប់ឲ្យផ្អាកការចេញផ្សាយរបស់ពួកគេ សម្រាប់អំឡុងពេល ២៤ម៉ោង រហូតដល់ល្ងាចថ្ងៃសៅរ៍នេះ ខណៈ Channel ចំនួន ០២ របស់ Phoenix ត្រូវបានហាមមិនអស់ចេញផ្សាយអ្វីឡើយសម្រាប់រយៈពេល ១២ម៉ោង៕