(ញូដេលី)៖ អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា ISRO បានប្រកាសថា ខ្លួននឹងធ្វើការបាញ់បង្ហោះផ្កាយរណបសរុបចំនួន ៣១គ្រឿង ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតតែ ១ ប៉ុណ្ណោះទៅកាន់គន្លងគោចរនៃភពផែនដី ដែលនេះជាគំរោងធំ និងសន្សំសំចៃបំផុតមួយ សម្រាប់ដើមឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
មន្ត្រីរបស់ ISRO បានបញ្ជាក់យ៉ាងដូច្នេះថា «បេសកកម្មខាងលើនេះ គឺបេសកកម្មដំបូង នៃការបាញ់បង្ហោះដោយប្រើម៉ាស៊ីន PSLV (Polar Satellite Launch Vehicle) បន្ទាប់ពីការទទួលបរាជ័យ លើការបាញ់បង្ហោះផ្កាយរណបកំណត់ទីតាំង IRNSS-1H កាលពីខែសីហាកន្លងទៅ។ បេសកកម្មសំខាន់លើនេះ ក៏មានផ្ទុកនូវផ្កាយរណបអង្កេតផែនដី Cartosat-2 ពីរគ្រឿងរបស់ឥណ្ឌាផងដែរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨»។
គួរបញ្ជាក់ថា ផ្កាយរណបចំនួន ២៨គ្រឿងតូចៗ ដែលនឹងត្រូវបាញ់នោះ គឺបានមកពីប្រទេសមួយចំនួនដូចជា ហ្វាំងឡង់ និងសហរដ្ឋអាមេរិក ហើយមួយចំនួនទៀត គឺជារបស់ឥណ្ឌាខ្លួនឯង។ ការបាញ់នឹងត្រូវធ្វើឡើងនៅកំពង់ផែអវកាស Sriharikota ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសឥណ្ឌា៕