(វ៉ាស៊ីនតោន)៖ ជនភេទទី ៣ ឬអ្នកកែភេទ ទីបំផុតនឹងត្រូវអនុញ្ញាតឲ្យធ្វើការចុះឈ្មោះ ដើម្បីចូលបម្រើកងទ័ពអាមេរិក ដោយចាប់ផ្តើមពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតទៅ ក្រោមសេចក្តីបង្គាប់របស់តុលាការសហព័ន្ធ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសម្រេចមិនប្តឹងទាស់ ចំពោះសាលក្រមតុលាការ ដែលបានរាំងខ្ទប់បម្រាមរបស់ លោក ត្រាំ ដែលមិនឲ្យយោធាអាមេរិកទទួលយកអ្នកភេទទី ៣ ឬកែភេទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
តុលាការសហព័ន្ធចំនួន ០២ ដោយមួយនៅរដ្ឋវ៉ាស៊ីនតោន និងមួយទៀតនៅរដ្ឋ Virginia កាលពីសប្តាហ៍មុន បានច្រានចោលនូវសំណើរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានស្នើឲ្យពន្យាពេលអនុវត្តន៍ ទៅលើសាលដីកាចៅក្រមថ្នាក់ក្រោម ដែលទាមទារឲ្យយោធាអាមេរិក ចាប់ផ្តើមទទួលយកជនភេទទី ៣ ឬកែភេទ ឲ្យបម្រើការក្នុងជួរកងទ័ពនាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ ជាមួយគ្នានេះ មន្រ្តីម្នាក់នៃក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា រដ្ឋបាល លោក ត្រាំ នឹងមិនប្រឆាំងចំពោះការសម្រេចរបស់តុលាការទាំង ២ ឡើយ។
គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោក នឹងហាមឃាត់អ្នកកែភេទ មិនឲ្យចូលបម្រើទ័ពឡើយ ដែលទង្វើនេះគឺជាការផ្លាស់ប្តូរបកក្រោយវិញ នៃគោលនយោបាយ របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបានទទួលយកពួកគេ៕