(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) បានចេញមុខទាត់ចោល ការចោទប្រកាន់ដែលថា ខ្លួនបានផ្តល់ការបង្វឹកបង្ហាត់ដល់ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងមូលដ្ឋានទ័ពចំនួន ០២ នៅឯប្រទេសស៊ីរីនោះថា ជារឿងមិនសមហេតុសមផលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ការចេញមុខបកស្រាយរបស់ក្រសួងការពារជាតិអាមេរិក ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបចំពោះ ការចោទប្រកាន់ពីមេបញ្ជាការយោធាមួយរូប របស់ប្រទេសរុស្ស៊ី។ ប្រធានសេនាធិការរុស្ស៊ី លោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) បានលើកឡើងនាសប្តាហ៍នេះ គ្រូយោធារបស់អាមេរិក បាននិងកំពុងតែបង្វឹកក្រុមសកម្មប្រយុទ្ធ ISIS នៅឯមូលដ្ឋានទ័ព ០២កន្លែង ដែលកងកម្លាំងពិសេសអាមេរិក ធ្វើប្រតិបត្តិការ ដើម្បីបង្កើនកម្លាំងក្រុមឧទ្ទាម។
ជុំវិញការចោទប្រកាន់នេះ មន្ទីរបញ្ចកោណបានឆ្លើយតបថា «ការដែលថា សហរដ្ឋអាមេរិកគាំទ្រដល់ ISIS នោះ គឺមិនមែនជាការពិតនោះឡើយ ហើយមិនសមហេតុផលទាល់តែសោះ។ យើងពុំបានបំពាក់បំប៉នក្រុម ISIS នោះទេ។ ពួកយើងធ្វើការជាមួយដៃគូរបស់យើង ដើម្បីសម្លាប់ ឬចាប់ខ្លួន ISIS។
គួរជម្រាបថា បើតាមការអះអាងរបស់ លោក Gerasimov ក្រោយពីទទួលបានការហ្វឹកហាត់ពីអាមេរិក អតីតក្រុមភេរវករ ISIS នឹងក្លាយជាសមាជិកនៃក្រុមឧទ្ទាម New Syrian Army ដែលមានតួនាទីបង្កអស្ថិរភាពនៅក្នុងប្រទេសស៊ីរី។ ម៉្យាងវិញទៀត បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានស៊ីរី SANA គេបានប្រទះឃើញឧទ្ធម្ភាគចក្រអាមេរិក ធ្វើការជម្លៀសខ្លួនថ្នាក់ដឹកនាំ ISIS ពីតំបន់មួយចំនួន នៅក្នុងខេត្ត Deir ez-Zor នៃប្រទេសស៊ីរី ទៅកាន់ទីសុវត្ថិភាពក្នុងខេត្ត Hasakah ដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអាមេរិក និងកងកម្លាំងឃើដផងដែរ៕