(អាមេរិក)៖ មន្ទីរពិសោធន៍ស្រាវជ្រាវរបស់កងទ័ពអាកាសអាមេរិក បានផ្តល់កុងត្រាតម្លៃសរុប ២០០លានដុល្លារ ទៅឲ្យក្រុមហ៊ុនផលិតសព្វាវុធធំៗចំនួន ០២ ដើម្បីអភិវឌ្ឍន៍មីស៊ីលដ៏ទំនើបថ្មី ដែលមានសមត្ថភាពវាយប្រហារ ក្នុងលក្ខណៈជាបណ្តាញ និងជាក្រុមយ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
មន្ទីរពិសោធន៍ខាងលើនេះ កំពុងរួមសហការជាមួយក្រុមហ៊ុន Lockheed Martin និង Northrop Grumman ដើម្បីអភិវឌ្ឍន៍គម្រោងមួយនៅក្នុងអំឡុងពេល ០៥ឆ្នាំ សម្រាប់មីស៊ីលប្រដេញតម្លៃថោក ដែលអាចធ្វើការជាក្រុមជាមួយគ្នា ដើម្បីយកជ័យឈ្នះលើប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ។
គួរជម្រាបថា បើតាមក្រុមហ៊ុន Lockheed Martin មីស៊ីលដែលមានរហស្សនាមថា Gray Wolf ដំបូងបំផុត នឹងត្រូវធ្វើតេស្តចេញពីយន្តហោះចម្បាំង F-16 ខណៈប្រព័ន្ធសព្វាវុធដ៏ទំនើបនេះ នាពេលក្រោយទៀត នឹងអាចប្រើប្រាស់បានជាមួយយន្តហោះចម្បាំងធុន F-35, F-15, F/A-18, B-1, B-2, និង B-52 ផងដែរ ពោលគឺប្រភេទយន្តហោះ ដែលមានវត្តមាននៅក្នុងជួរកងទ័ពអាកាសអាមេរិកបច្ចុប្បន្ន៕