(សេអ៊ូល)៖ ឆ្លើយតបទៅនឹងការវិភាគនានាកន្លងមកថា កូរ៉េខាងជើងនឹងអាចងាកមកអង្គុយតុចរចាជាមួយសហរដ្ឋអាមេរិក ឬមួយក៏ចុះចាញ់ចំពោះទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីអន្តរជាតិនោះ ប្រទេសកុម្មុយនិស្តមួយនេះ បានចេញមុខបកស្រាយបំភ្លឺហើយ ដោយទីក្រុងព្យុងយ៉ាងអះអាងថា គោលនយោបាយនុយក្លេអ៊ែរឆ្នាំ២០១៨ គឺមិនមានការផ្លាស់ប្តូរនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានកូរ៉េខាងត្បូងដកស្រង់នៅថ្ងៃសៅរ៍នេះថា «ប្រទេសកូរ៉េខាងជើង នឹងមិនមានការផ្លាស់ប្តូរអ្វីឡើយ ចំពោះគោលនយោបាយជាយុទ្ធសាស្ត្រលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ គ្មានកម្លាំងណាមួយអាចយកឈ្នះលើឯករាជ្យភាព និងយុត្តិធម៌បាននោះឡើយ។ អំណាចរបស់យើង ជាអំណាចដែលមិនចេះចប់ ហើយក៏មិនអាចត្រូវធ្វើឲ្យខូចខាត ឬលុបចោលនោះដែរ»។
គួរបញ្ជាក់ផងដែរថា ក្រៅពីការអះអាងច្បាស់ៗខាងលើនេះ កូរ៉េខាងជើងនៅបានលើកឡើងបន្ថែមទៀតអំពីភាពជោគជ័យ នៃការអភិវឌ្ឍអាវុធថ្មីៗ ដែលរួមមានទាំងមីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកផងដែរ៕