(ចាកាតា)៖ ជនជាតិបរទេស សរុបចំនួន៩នាក់ ត្រូវបានសម្លាប់ដោយក្រុមប៉ូលិសឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ២០១៧នេះ ដោយសកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងការពារការរីករាលដាល នៃអ្នកប្រើប្រាស់ថ្នាំញៀនខុសច្បាប់ នៅក្នុងប្រទេស, នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

អគ្គស្នងការនរគបាលជាតិ របស់ឥណ្ឌូនេស៊ី លោក Tito Karnavian បានបង្ហាញថា អ្នកប្រើប្រាស់ និងចែកចាយថ្នាំញៀនខុសច្បាប់ ត្រូវបានបាញ់សម្លាប់នៅទូទាំងប្រទេស។ «ការសម្រេចចិត្ត បាញ់សម្លាប់ពួកគេ ត្រូវបានធ្វើឡើងដោយសារតែជនល្មើសថ្នាំញៀន ប្រឆាំងនឹងប៉ូលិស ដែលព្យាយាមចាប់ខ្លួនពួកគេ» នេះបើលោកបានបន្ថែម។

លោក Tito បានឲ្យដឹងថា មានជនជាតិឥណ្ឌូនេស៊ីសរុបចំនួន៤៦នាក់ ក៏ត្រូវបានបាញ់សម្លាប់ផងដែរ នៅក្នុងឆ្នាំនេះពីបទប្រព្រឹត្តបទល្មើសថ្នាំញៀន។ លោកបានឲ្យដឹងដែរថា ចំនួនករណី នៃអ្នកប្រើប្រាស់ថ្នាំញៀន បានធ្លាក់ចុះពី៤៧,៧៦៧ នៅក្នុងឆ្នាំ២០១៥ មកនៅត្រឹម៤៥,២៥៧ ក្នុងឆ្នាំ២០១៦។

លោកអគ្គស្នងការ បានឲ្យដឹងទៀតថា ចំនួននៃជនសង្ស័យក៏មានការធ្លាក់ចុះពី៦០,៣៨៧នាក់ មកនៅត្រឹម៥៦,៧៩១នាក់ នៅក្នុងឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក្តី ចំនួននៃភស្តុតាង បានកើនឡើងពី១១តោន កាលពីឆ្នាំមុន រហូតដល់១៥០តោន នៅក្នុងឆ្នាំ២០១៧នេះ។

បើតាមសម្តីលោកប្រធានាធិបតី Joko Widodo បានឲ្យដឹងថា ឥណ្ឌូនេស៊ី ​បានក្លាយទៅជាប្រទេស ដែលមានគ្រោះថ្នាក់នៃគ្រឿងញៀន ដែលមានករណីរំលោភបំពានគ្រឿងញៀន ជាច្រើនករណី ក្នុងចំណោមប្រជាជន។ រដ្ឋាភិបាល បានប្រកាសសង្គ្រាមជាមួយនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់៕