(ប៉េកាំង)៖ របាយការណ៍មួយចេញផ្សាយដោយ ក្រុមហ៊ុនស្រាវជ្រាវអង់គ្លេស បានធ្វើការព្យាករណ៍អំពីភាពលេចមុខលេចមាត់នៃប្រទេសនៅអាស៊ី ក្នុងសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដោយក្នុងនោះប្រទេស ចិន នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌ NHK ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មអង់គ្លេស កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ បានចេញផ្សាយនូវរបាយការណ៍ ស្តីពីសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ របាយការណ៍នេះបានបញ្ជាក់ថា ក្នុងឆ្នាំ២០៣២ កម្រិត GDP របស់ប្រទេសចិន អាចនឹងលុបលើសហរដ្ឋអាមេរិក។ បច្ចុប្បន្នសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចសេដ្ឋកិច្ច ខណៈដែលចិន ឈរក្នុងលំដាប់ទីពីរ។
ក្នុងរបាយការណ៍ដដែលក៏បានព្យាករណ៍ផងដែរថា ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីនឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសសេដ្ឋកិច្ចទាំង១០ លើពិភពលោក ខណៈដែលអ៊ីតាលីនឹងធ្លាក់ពីលំដាប់ទី៨ មកទី១៣៕