(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការខកចិត្តជាខ្លាំងចំពោះចិន ក្រោយមានសេចក្ដីរាយការណ៍ថា ទីក្រុងប៉េកាំងបានបើកដៃឱ្យមានការដឹកជញ្ជូនប្រេង ទៅកាន់កូរ៉េខាងជើង រំលោភលើដំណោះស្រាយដាក់ទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមគ្នាទីក្រុងប៉េកាំង បានបដិសេធរាល់ការចោទប្រកាន់ហើយថា គ្មានទេ ការដឹកជញ្ជូនប្រេងខុសច្បាប់លក់ឱ្យកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងលើនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បាននិយាយចំៗថា ចិនត្រូវបានគេចាប់បានថា អនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងទៅកាន់ កូរ៉េខាងជើង ដែលនេះគឺជាទង្វើរារាំងដល់ដំណោះស្រាយប្រកបដោយមិត្តភាព ពាក់ព័ន្ធនឹងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង... ខ្ញុំទន់ភ្លន់ចំពោះចិនព្រោះហេតុផលតែមួយគត់ សំខាន់សម្រាប់ខ្ញុំជាងពាណិជ្ជកម្មនោះ គឺសង្រ្គាម។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានអះអាងថា ការចោទប្រកាន់ថា កប៉ាល់ចិនមួយគ្រឿងដឹកប្រេងលក់ឱ្យកូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែតុលា គឺជារឿងមិនពិត។ «ចិនបានដឹកនាំស៊ើបអង្កេតភ្លាមៗ... ប៉ុន្តែជាការពិតកប៉ាល់មានជាប់ពាក់ ព័ន្ធនឹងបញ្ហានេះ មិនបានចូលចតកំពង់ផែចិនឡើចាប់តាំងពីខែសីហាមក ហើយក៏មានត្រូវកត់ត្រាទុកថា បានចូលឬចេញពីកំពង់ផែចិនដែរ»។ នេះបើតាមលោកស្រី Hua Chunying។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo កប៉ាល់មួយគ្រឿងដោតទង់ជាតិហុងកុង Lighthouse Winmore ដែលត្រូវបាន គយកូរ៉េខាងត្បូងរឹបអូស បានដឹកប្រេងជាង ៦០០តោន បញ្ជូនបន្តទៅកាន់កប៉ាល់កូរ៉េខាងជើងមួយគ្រឿងទៀត កាលពីថ្ងៃទី១៩ ខែតុលា។ ប៉ុន្តែខាងមន្ត្រីអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយ បញ្ជាក់ពីបញ្ហានេះនៅឡើយទេ៕