(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនចំនួន ១០រូប ដែលបានធ្វើការបាញ់ប្រហារដោយភ័ន្តច្រឡំទៅលើរថយន្តមួយគ្រឿង និងបណ្តាលឲ្យអ្នកដំណើរ ០២នាក់ នៅក្នុងនោះបាត់បង់ជីវិតកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ត្រូវបានថ្នាក់លើដកចេញពីមុខតំណែងហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសប្រចាំរដ្ឋធានីម៉ានីល លោក អូស្ការ អាល់បាយ៉ាលដេ (Oscar Albayalde) បានឲ្យដឹងថា រថយន្តក្នុងឧបទ្ទវហេតុខាងលើ ដែលមានផ្ទុកអ្នកដំណើរចំនួន ០៧នាក់ រួមមានទាំងស្រ្តីម្នាក់ ដែលមានរបួសដោយសារត្រូវគេបាញ់ គឺកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់មន្ទីរពេទ្យ នៅពេលដែលក្រុមប៉ូលិស បានបើកការបាញ់ប្រហារមកលើ ក្រោយពីច្រឡំថា វាជារថយន្តដែលបើកបរដោយជនដៃដល់ដែលបានបង្ករបួសទៅលើស្រ្តីរូបនោះ។
លោក Albayalde បានបន្តថា កម្លាំងប៉ូលិសនៃក្រុង មែនដាលូយ៉ុង (Mandaluyong) ដែលជាផ្នែកមួយ នៃរដ្ឋធានីម៉ានីលផងដែរនោះ ប្រហែលជាទទួលបានដំណឹងខុស ដោយសារតែពួកគេត្រូវបានផ្តល់ព័ត៌មានឲ្យ តាមរយៈអាជ្ញាធរដទៃទៀត ដែលបានប្រាប់ថា អ្នកដំណើរនៅក្នុងរថយន្តរងការបាញ់ប្រហារ មានប្រដាប់ដោយអាវុធ។ បើតាម លោក Albayalde មេប៉ូលិសក្រុង Mandaluyong ក៏ត្រូវដកចេញពីតួនាទីដែរ។
គួរជម្រាបថា ប៉ូលិសហ្វីលីពីន កំពុងតែប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃរួចទៅហើយ ដោយសារតែសាធារណជនមួយចំនួន មានក្តីព្រួយរម្ភខ្លាំងចំពោះទង្វើរបស់ពួកគេ ក្នុងអំឡុងនៃការធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម នៅក្នុងប្រទេសអាស៊ានមួយនេះ៕