ក្តៅគគុក! រយៈពេល ០៦ថ្ងៃ «ក្រុមចំរុះអារ៉ាប់វាយលុកយេម៉ែន ផ្តាច់ជីវិតមនុស្ស ១៤៣នាក់» និង ៩៥នាក់ រងរបួស!
29-12-2017 14:59
(យ៉េមែន)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយ៉េមែនបានសម្លាប់ជនស៊ីវិល ១៤៣នាក់ ក្នុងរយៈពេលតែ ០៦ថ្ងៃប៉ុណ្ណោះ។ នេះបើតាមអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (OHCHR) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik អ្នកនាំពាក្យ OHCHR លោកស្រី អេលីហ្សាប៊ែដ ស្រូស្សែល (Elizabeth Throssell) ក៏បានបញ្ជាក់ដែរថា ក្រៅពីមនុស្សស្លាប់ទាំង ១៤៣នាក់ មនុស្សច្រើនជាង ៩៤នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយក្រុមចំរុះអារ៉ាប់។ លោកស្រី Elizabeth បានបន្ថែមទៀតថា ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប់ នៅក្នុងសប្ដាហ៍នេះបាន សម្លាប់មនុស្ស ០៥នាក់ និង ១៧នាក់រងរបួស។
គួរបញ្ជាក់ថា ជម្លោះរវាងកងកម្លាំងរដ្ឋាភិបាលយ៉េមែន និងក្រុមឧទ្ទាមហ៊ូទី បានផ្ទុះឡើងកាលពីឆ្នាំ២០១៤ ហើយការប្រឈមមុខដាក់គ្នា កើតឡើងកាន់តែខ្លាំងនៅពេល អារ៉ាប់សាអូឌីតសម្រេចដឹកនាំក្រុមចំរុះអារ៉ាប់ ចូលធ្វើអន្តរគមន៍ក្នុងឆ្នាំ២០១៥ ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់កាងនៅពីក្រោយខ្នង។ ជាងនេះទៅទៀត បន្ថែមពី លើការវាយប្រហារតាមផ្លូវអាកាស អារ៉ាប៊ីសាអូឌីតបានបិទខ្ទប់ការធ្វើដំណើរតាមផ្លូវទឹក នៅក្នុងប្រទេសយ៉េមែន ដែលបណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបញ្ជូនជំនួយ មនុស្សធម៌ដល់ប្រជាជនរងគ្រោះរាប់ម៉ឺននាក់ ដោយសារជំងឺអាសន្នរោគ៕