(សេអ៊ូល)៖ កូរ៉េខាងត្បូងបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងដោតទង់ជាតិហុងកុងដោយសង្ស័យថា បានដឹកជញ្ជូនប្រេងលក់ឱ្យកូរ៉េខាងជើង រំលោភដំណោះស្រាយ ដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
មន្ត្រីរូបនេះដដែល ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៀតថា កប៉ាល់ខាងលើមានឈ្មោះ Lighthouse Winmore បានដឹកជញ្ជូនផលិតផលប្រេង បន្ដទៅឱ្យកប៉ាល់កូរ៉េខាងជើងមួយគ្រឿង ក្នុងដែនទឹកអន្តរជាតិកាលពីចុងខែតុលា។ ដោយឡែកជុំវិញការរឹបអូសនេះដែរ សហរដ្ឋអាមេរិកធ្លាប់បានស្នើឱ្យដាក់បញ្ចូលកប៉ាល់ ដោតទង់ជាតិហុងកុងនេះ ទៅក្នុងបញ្ជីខ្មៅរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិសម្រាប់ការរំលោភលើទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង ជាការឆ្លើយតបនឹងការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរពន្ធគយកូរ៉េខាងត្បូង កប៉ាល់ Lighthouse Winmore បានចូលចតនៅឯកំពង់ផែកូរ៉េខាងត្បូង Yeosu កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បន្ទាប់ពីបានបញ្ជូនប្រេងបន្តជាង ៦០០តោន ទៅកាន់កប៉ាល់កូរ៉េខាងជើងមួយគ្រឿងទៀត កាលពីថ្ងៃទី១៩ ខែតុលា៕