(ពិភពលោក)៖ កាលពីពីរឆ្នាំមុន លោក ដូណាល់ ត្រាំ (Donald Trump) ត្រឹមតែជាបេក្ខជនប្រធានាធិបតី នៃបក្សសាធារណរដ្ឋម្នាក់ ដែលព្យាយាមហែលឆ្លងអាងទឹកដ៏ធំ នៃការប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦។ ទោះបីក្លាយជាបេក្ខជនប្រធានាធិបតីម្នាក់ទៅហើយក្តី ក៏លោកនៅតែត្រូវបានគេចាត់ទុកជាត្លុកកំប្លែងម្នាក់ ប៉ុន្តែមហាសេដ្ឋីអចលនទ្រព្យពាន់លានដុល្លាររូបនេះ ពេលខ្លះគ្មានលទ្ធភាព ដើម្បីតបតនឹងការយល់ឃើញពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់លោកបានឡើយ។
ប៉ុន្តែលោកពិតជាចង់ឱ្យសារព័ត៌មាន ជួយឆ្លុះបញ្ចាំងពីឆន្ទៈរបស់លោក ក្នុងនាមបេក្ខភាពប្រធានាធិបតី ដោយលោកចង់ស្វែងរកដំណោះស្រាយសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកចាត់ទុកថា នេះជាគោលដៅគោលនយោបាយការបរទេស ដ៏សំខាន់មួយ។ «ខ្ញុំគិតថា ប្រសិនបើខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី ការស្វែងរកដំណោះស្រាយនេះ គឺជាអ្វីដែលខ្ញុំចង់សម្រេចបានជាខ្លាំង»។ នេះជាការលើកឡើងរបស់ លោក Trump ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។
លោកបានបន្តថា «ដោយសារវិបត្តិនេះបង្កឱ្យមានមនុស្សស្លាប់ ចលនាបះបោរជាច្រើន និងការស្អប់ខ្ពើមគ្នាទៅវិញទៅមក ហេតុនេះវានឹងក្លាយជាលទ្ធផលសម្រេចបាន ដ៏សំខាន់មួយ។ ថ្វីត្បិតវាជាការសម្រេចបានតែមួយ តែជាការសម្រេចបានដ៏អស្ចារ្យ»។ វាមិនមែនជាលើកទីមួយទេ ដែលបេក្ខជនប្រធានាធិបតី Donald Trump បានលើកឡើងអំពីដំណើរការស្វែងរកសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា ហើយវាក៏ប្រាកដជាមិនមែនជាលើកចុងក្រោយដូចគ្នា។ លោកបានលើកឡើងថា «មនុស្សភាគច្រើនគិតថា វាជាកិច្ចព្រមព្រៀងដ៏លំបាកជាងគេមួយ។ មនុស្សជាច្រើនគិតបែបនេះ... ប៉ុន្តែសម្រាប់ខ្ញុំ អាចនិយាយបានថា ខ្ញុំនឹងមានឱកាសប្រសើរជាងគេ ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ»។
បន្ទាប់ពីពិធីប្រកាសតែងតាំងជាប្រធានាធិបតី លោក Trump បានចាប់ផ្តើមបំពេញការងារ ព្រមទាំងបានប្រគល់កិច្ចការស្វែងរកដំណោះស្រាយ នៃវិបត្តិខាងលើទៅក្នុងដៃ លោក Jared Kushner ដែលជាកូនប្រសារ។ ទង្វើបែបនេះ ធ្វើឱ្យមនុស្សនៅតំបន់មជ្ឈឹមបូព៌ាជាច្រើន បានសើចចំអកចំពោះកូនប្រសាររបស់លោក ដែលជាម្ចាស់អចលនទ្រព្យដែលមានវ័យទើបតែ ៣៦ ឆ្នាំ មានបទពិសោធន៍គោលនយោបាយបរទេសនៅក្មេងខ្ចីនៅឡើយ ក្នុងការកាន់កាប់កិច្ចការរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុន្តែយើងមិនបានដឹងទេថា ការពិត លោក Trump ត្រូវការជំនួយការដ៏មានទំនុកចិត្តម្នាក់ ហេតុនេះទើបលោកជ្រើសរើសសមាជិកគ្រួសាររបស់គាត់ផ្ទាល់ ដើម្បីគ្រប់គ្រង។ វាអាចបង្ហាញបានថា លោកបានផ្តល់ភាពសំខាន់ជាខ្លាំងទៅលើបញ្ហានេះ។
នៅពេលដែល លោក Mahmoud Abbas ថ្នាក់ដឹកនាំប៉ាឡេស្ទីន ធ្វើកិច្ចជំនួបជាមួយលោក Trump នៅសេតវិមានជាលើកដំបូង លោកបានលើកឡើងថា «លោកប្រធានាធិបតី ខ្ញុំជឿថា យើងស្ថិតក្រោមការដឹកនាំ និងការទទួលខុសត្រូវពោរពេញដោយភាពវ័យឆ្លាតរបស់លោក ដែលមានសមត្ថភាពខ្ពស់ ក្នុងការចរចាដើម្បីនាំមកនូវសន្ធិសញ្ញាសន្តិភាពជាប្រវត្តិសាស្ត្រ ...»។
ជាមួយនឹងការសម្រេចចិត្ត កាលពីពេលថ្មីៗកន្លងទៅនេះរបស់ លោក Trump ទទួលស្គាល់ទីក្រុងដ៏បរិសុទ្ធ ហ្សេរុយសាឡឹម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល បានធ្វើឱ្យទំនាក់ទំនងរវាងគូជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានប្រឹងប្រែងក្នុងការកសាងឡើងនាពេលកន្លងមក ត្រូវខាតបង់ទាំងអស់។ ឱកាសដែលសេសសល់សូម្បីបន្តិចបន្តួច សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ គឺត្រូវបានបញ្ចប់មិនបានសេសសល់សម្រាប់ពេលខាងមុខ។ ការផ្លាស់ប្តូរកំពុងកើតឡើងបន្តិចម្តងៗ ហេតុនេះ រឿងរ៉ាវអតីតកាល ការចាប់ដៃរលាក់ រឺស្នាមញញឹមរវាងលោក Trump និងលោក Abbas នឹងគ្មានតទៅទៀតឡើយ។
ក្រៅពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu និងអ្នកនយោបាយអ៊ីស្រាអែលមួយចំនួន គ្មាននរណាម្នាក់នៅក្នុងតំបន់គិតថា សេចក្តីប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែលជាផ្លូវការ ជារឿងត្រឹមត្រូវនោះទេ។ មិនថាពួកអឺរ៉ុប ពួកអារ៉ាប់ ប៉ាឡេស្ទីន អង្គការសហប្រជាជាតិ ឬសូម្បីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ឬរដ្ឋមន្ត្រីការពារជាតិ Jim Mattis ។
សេចក្តីថ្លែងការណ៍ដ៏រសើបបែបនេះ ពិបាកពន្យល់ថា តើអ្វីដែលធ្វើឱ្យសេតវិមានជឿជាក់ថា សេចក្តីប្រកាសនេះ ជាការដឹកនាំទៅរកដំណោះស្រាយការទូតនោះ? ប្រធានាធិបតីប្រទេសបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យលោក Trump សម្តែងការព្រួយបារម្ភ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បាននិយាយជាសាធារណៈថា «ការរក្សាទីតាំងស្ថានទូតនៅដដែល ជាបញ្ហាពាក់ព័ន្ធនឹងគ្រប់គ្នា មិនមែនតែរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ»។
លោក Frederica Mogherini បេសកជនជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ថា «រាល់សកម្មភាពណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងកន្លងមក ត្រូវតែជៀសវាង»។ វាជារឿងដ៏លំបាកក្នុងការស្វែងរកមេដឹកនាំណាម្នាក់នៅពិភពឥស្លាម ដែលមិនព្រមានសេតវិមានថា ការផ្លាស់ប្តូរស្ថានភាពរបស់ក្រុងហ្សេរុយសាឡឹម នឹងបង្កឱ្យមានអំពើហិង្សាផ្ទុះឡើង។
ចំពោះជាតិសាសន៍អ៊ីស្រាអែលក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលរួចទៅហើយ។ ជាក់ស្តែងការិយាល័យរបស់ Netanyahu មានវត្តមាននៅទីនោះស្រាប់។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ សូម្បីតែអ្នកសង្កេតការណ៍ធម្មតាបំផុតម្នាក់ នៅនយោបាយមជ្ឈិមបូព៌ា នឹងប្រាប់អ្នកថា ប្រជាជនប៉ាឡេស្ទីនក៏មានទំនាក់ទំនងខាងសាសនា ដួងវិញ្ញាណ ប្រវត្តិសាស្រ្ត និងនិមិត្តសញ្ញាជាមួយទីក្រុងនេះដូចគ្នា។ វាបង្កជាបញ្ហាជាច្រើន ដែលគេអាចនិយាយបានថា វាគឺផលប្រយោជន៍នយោបាយក្នុងស្រុក។
ការប្រកាសជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ចាត់ទុកក្រុងហ្សេរ៉ូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល គឺជាការជំរុញប្រជាប្រិយភាពរបស់លោក Trump។ ក្នុងអំឡុងពេលសុន្ទរកថា ស្តីអំពីគោលនយោបាយការបរទេសដ៏ធំបំផុតមួយ ក្នុងនាមជា បេក្ខជនប្រធានាធិបតី លោក Trump បានសន្យាដល់មហាជនថា លោកនឹងធ្វើអ្វីដែល គ្មានប្រធានាធិបតីអាមេរិចណាម្នាក់ធ្លាប់ធ្វើពីមុនមក មិនថាប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ឬគណបក្សប្រជាធិបតេយ្យ នោះគឺការផ្លាស់ទីស្ថានទូតទៅក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ជនជាតិជ្វីប។
«វាគឺជាការសន្យាដ៏ធំធេង និងដើម្បីពេញចិត្តមនុស្សរាប់ពាន់នាក់»។ យើងសង្កេតឃើញថា សេចក្តីប្រកាសនេះបានបង្កអំពើហិង្សា ដែលអាចកើតមានឡើងនៅទាំងនៅតំបន់ West Bank, នៅតំបន់ Gaza នឹងសូម្បីក្នុងប្រទេសអ៊ីស្រាអែលខ្លួនឯងផ្ទាល់ ប៉ុន្តែហេតុអ្វីបានជាសហរដ្ឋប្រឹងប្រែងបែបនេះ? ចម្លើយធំចម្បង គឺដើម្បីផលប្រយោជន៍អាមេរិកខ្លួនឯង៕