(ហាណូយ)៖ បញ្ហាវីរុសនៅតាមប្រព័ន្ធកុំព្យូទ័រ បានបណ្តាលឲ្យប្រទេសវៀតណាម ខាតបង់ថវិការហូតសរុបដល់ ១២.៣ពាន់លានដុង ដែលស្មើនឹង ៥៤៤លានដុល្លារ ក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
បើតាមក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យានាំមុខគេ BKAV នៃប្រទេសអាស៊ានមួយនេះ កាលពីឆ្នាំ២០១៦ ការខាតបង់ដោយសារតែបញ្ហានេះ គឺស្ថិតនៅត្រឹម ១០.៤ពាន់លានដុង ដែលប្រហែលនឹង ៤៦០លានដុល្លារប៉ុណ្ណោះ។
ប៉ុន្តែបើគិតពេញមួយឆ្នាំ២០១៧នេះ កុំព្យូទ័រជាង ១,៩០០គ្រឿង នៅវៀតណាម ដោយរួមមានប្រមាណ ១,៦០០គ្រឿង ជារបស់អង្គការ និងសហគ្រាសចំនួន ២៤៣កន្លែង ព្រមទាំងប្រហែល ៣០០គ្រឿងទៀត ដែលជារបស់កម្មសិទ្ធិផ្ទាល់ខ្លួន បានឆ្លងវីរុសដ៏កក្រើកពេញពិភពលោកមានឈ្មោះថា WannaCry ហើយក្រុមហ៊ុន BKAV បានគូសបញ្ជាក់ថា ចំនួនកុំព្យូរទ័រប្រមាណ ៥២ភាគរយ នៅក្នុងប្រទេសវៀតណាម សុទ្ធតែមានចន្លោះប្រហោងផ្នែកសន្តិសុខ ដែលអាចរងការវាយប្រហារ ពីវីរុសជម្រិតទារប្រាក់នេះបាន។
ក្រៅពីនេះ កាលពីខែតុលាកន្លងទៅ វីរុស្សមួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងលុយអេឡិចត្រូនិក (Cryptocurrency) បានវាយលុកទៅលើអ្នកប្រើប្រាស់កម្មវីធី Facebook Messenger នៅតាមប្រទេសជាច្រើនជុំវិញពិភពលោក ដោយក្នុងចំណោមនោះកុំព្យូទ័រជាង ២៣,០០០គ្រឿង នៅវៀតណាមបានឆ្លងវីរុស ដែលមានឈ្មោះថា Digmine។
គួជម្រាបថា នៅក្នុងឆ្នាំនេះប្រព័ន្ធកុំព្យូរនៅប្រទេសវៀតណាម ក៏បានទទួលរងការវាយប្រហារ ពីសំណាក់វីរុស Marai ផងដែរ ដែលវាបានកំណត់គោលដៅ ទៅលើឧបករណ៍អ៊ីនធើណែត ដែលគ្មានសុវត្ថិភាព រួមមាន Router Wi-Fi និង កាមេរ៉ា IP ជាដើម។ បើតាម BKAV ៧៦ភាគរយ នៃកាមេរ៉ា IP នៅវៀតណាម បច្ចុប្បន្នសុទ្ធតែប្រើគណនី និងលេខសម្ងាត់ដើមទាំងអស់ ដែលបែបនេះផ្តល់ភាពងាយស្រួលដល់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ចូលលុកលុយប្រព័ន្ធទាំងនោះ៕