(សាន់ហ្រ្វាន់ស៊ីស្កូ)៖ នៅទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple Inc បានចេញមុខសូមទោសដល់អតិថិជនរបស់ខ្លួន ចំពោះការធ្វើឱ្យប្រព័ន្ធដំណើរការ នៃទូរស័ព្ទដៃ iPhones ស៊េរីចាស់មានថ្មចាស់ៗដើរយឺតយកតែមែនទែន ខណៈកំពុងមានពាក្យបណ្ដឹង និងការតវ៉ាជាច្រើនពីអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដឹងថា មនុស្សមួយចំនួនក្នុងចំណោមអ្នកទំាងអស់គ្នាមានអារម្មណ៍ថា Apple បានធ្វើឱ្យអ្នកមិនសប្បាយចិត្ត... តែយើងសូមទោស»។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Apple បានទទួលស្គាល់ថា ខ្លួនបានផ្លាស់ប្ដូរ កម្មវិធីរបស់ខ្លួនកាលពីមួយឆ្នាំមុន ដើម្បីកាត់បន្ថយល្បឿនដំណើរការជាអតិបរមា របស់ទូរស័ព្ទដៃ iPhones មានថ្មចាស់ៗក្នុងគោលបំណងបញ្ជៀសកុំឱ្យទូរស័ព្ទដៃ ស្មាតហ្វូនមួយនេះរលត់ភ្លាមៗដោយខ្លួនឯង។
តែទោះជាយ៉ាងនេះក្ដី អ្នកប្រើប្រាស់ iPhones មានការខឹងសម្បារយ៉ាងខ្លាំង ដោយចោទប្រកាន់ក្រុមហ៊ុនម៉ាកផ្លែប៉ោមនេះថា បានលួចលាក់ធ្វើឱ្យទូរស័ព្ទដៃស៊េរីចាស់របស់ខ្លួនដើរយឺត ដើម្បីបង្ខំឱ្យពួកគេទិញ iPhones ស៊េរីថ្មី។
គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយកំហឹងអតិថិជន ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងកាត់បន្ថយតម្លៃ ៥០ដុល្លារ សម្រាប់ការផ្លាស់ប្ដូរថ្ម iPhones ថ្មី នៅឆ្នាំក្រោយនេះ ដោយអ្នកប្រើប្រាស់ iPhone 6 អាចដូរយកថ្មថ្មីក្នុងតម្លៃ ២៩ដុល្លារ ចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៨៕