(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានបញ្ជាក់ម្តងទៀតថា ខ្លួនសង្ឃឹមថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃភាគីម្ខាង ខណៈទីក្រុងម៉ូស្គូ បាននិងកំពុងរងការចោទប្រកាន់ថា បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានថ្លែងថា ក្រសួងបានផ្ញើជូនឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី លោក ចន ហាន់ស៍មែន (Jon Huntsman) នូវអនុស្សរណៈពាក់ព័ន្ធនឹងបញ្ហាខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោកស្រីអ្នកនាំពាក្យបានបន្ថែមថា វាគឺជាការបញ្ជាក់ពីឆន្ទៈរបស់ទីក្រុងម៉ូស្គូ ក្នុងការឈានឲ្យដល់កិច្ចព្រមព្រៀងស្តីពីការធានាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ទាក់ទិននឹងដំណើរការបោះឆ្នោត ព្រមទាំងកិច្ចការនយោបាយផ្ទៃក្នុងផ្សេងៗទៀត។
ជាមួយគ្នានេះ ខណៈដែលលោកស្រីបានលើកឡើងថា វាអាស្រ័យតែលើភាគីអាមេរិកប៉ុណ្ណោះនោះ លោកស្រី Zakharova បានរំលឹកថា ប្រទេសរុស្ស៊ីធ្លាប់បានស្នើឡើងពីបញ្ហានេះ តាំងតែពីទសវត្សរ៍ ៩០ មកម្ល៉េះ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅធានាពីការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាងទៀត។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន តែងតែបានបដិសេធចំពោះសំណើនេះជានិច្ច។
គួរជម្រាបថា សហរដ្ឋអាមេរិក បាននិងកំពុងចោទប្រកាន់ទៅលើរុស្ស៊ីថា បានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ ជាការចោទប្រកាន់ដែលត្រូវបានបដិសេធជាដដែលៗ ដោយទីក្រុងម៉ូស្គូ៕