(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានសម្រេចចិត្តហាមមិនឱ្យកប៉ាល់ចំនួន ០៤គ្រឿង របស់កូរ៉េខាងជើង ចូលចតនៅតាមកំពង់ផែជាច្រើននៅទូទំាងពិភពលោក ដោយសារកប៉ាល់ទាំងនេះត្រូវបានគេសង្ស័យថា បាន និងកំពុងដឹកជញ្ជូនផលិតផលជាប់ក្រោមបម្រាម នៃដំណោះស្រាយដាក់ទណ្ឌកម្មអន្តរជាតិ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមប្រភពការទូតជាច្រើន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមប្រភពការទូតប្រចាំអង្គការសហប្រជាជាតិ កប៉ាល់ទំាងបួនគ្រឿងខាងលើមានឈ្មោះដូចជា Ul Ji Bong 6, Rung Ra 2, Sam Jong 2 និង Rye Song Gang 1 ហើយការហាមឃាត់នេះទៀតសោត ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌនៃបញ្ជីខ្មៅមួយរួមមានទាំងកប៉ាល់ ឬនាវាចំនួន ១០ប្រទេសផ្សេងទៀត។ ក៏ប៉ុន្តែចិនយល់ព្រមអនុវត្តទណ្ឌកម្ម តែទៅលើកប៉ាល់ទំាងបួនគ្រឿងរបស់កូរ៉េខាងជើងប៉ុណ្ណោះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹង ទីក្រុងព្យុងយ៉ាងសម្រាប់ការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា មកទល់ពេលនេះទីក្រុងវ៉ាស៊ីនតោននៅតែយល់ថា ការដាក់សម្ពាធពីចិនលើកូរ៉េខាងជើង គឺជាផ្លូវមួយអាចឱ្យបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យត្រឡប់មករកតុចរចាវិញ។ ប៉ុន្តែក្រុមអ្នកជំនាញខ្លះ ក៏បានអះអាងដែរថា ទីក្រុងប៉េកាំងហាក់ដូចជាមិនបានដាក់ទណ្ឌកម្មពេញទំហឹង លើកូរ៉េខាងជើងនោះទេ ខណៈសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា ចិនបានលួចលាក់ដឹកប្រេងលក់ឱ្យកូរ៉េខាងជើងជាច្រើនលើក ចាប់តាំងពីខែតុលាមក បើទោះជាទីក្រុងប៉េកាំងបានបដិសេធ ជាច្រើនដងក៏ដោយ៕