(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នាថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ខ្លួននឹងចាប់ផ្តើមសេវាកម្មផ្តល់ទិដ្ឋាការអាមេរិកក្នុងប្រទេស តួកគីឡើងវិញ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកទំនាក់ទំនងការទូតរវាងតួកគី និងអាមេរិកអស់មួយរយៈរហូតឈានដល់ការចាប់ខ្លួនមនុស្សពីរនាក់ ក្នុងអំឡុងនៃការដាក់ទីក្រុង Ankara ក្នុងភាពអាសន្ន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

គួររំលឹកថា សហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ទិដ្ឋការក្នុងប្រទេស តួកគី បន្ទាប់ពីបុគ្គលិកស្ថានកុងស៊ុលពីររូបត្រូវបានចាប់ខ្លួន។ ក្រសួងការបរទេសអាមេរិកបានបង្ហាញភាពជឿជាក់ថា ស្ថានភាពសន្តិសុខបានប្រសើរឡើងគ្រប់គ្រាន់ ដើម្បីផ្តល់ឱកាសផ្តើមផ្តល់សេវាកម្មទិដ្ឋាការក្នុងប្រទេស តួកគីឡើងវិញ។ ប្រភពពីក្រសួងការបរទេសបានលើកឡើងថា យ៉ាងនេះក្តី ក្តីបារម្ភធ្ងន់ធ្ងរផ្សេងៗនែតែបន្តកើតមាន៕