(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សយ៉ាងតិច៤០នាក់ បានបាត់បង់ជីវិត និង៣០នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ពួក ISIS នៅក្បែរព្រះវិហារអ៊ីស្លាមព្រមទាំង ទីភ្នាក់ងារព័ត៌មានមួយកន្លែងដែលស្ថិតនៅតំបន់ភាគលិច នៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃព្រហស្បតិ៍នេះតែម្តង៕
២៖ អ្នកស៊ើបអង្កេតឯករាជ្យលើបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា របស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើចិន និងរុស្ស៊ី ដើម្បីជាការសាកល្បងបញ្ចុះបញ្ចូលឱ្យពួកគេ ប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា៕
៣៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា សកម្មភាពយោធាញឹកញាប់ពេករបស់ចិនកំពុងបង្កជាអស្ថេរភាព នៅក្នុងតំបន់ហើយថាតៃវ៉ាន់នឹងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះអ្វីដែលខ្លួនកំពុងសម្លឹងមើល៕
៤៖ អ្នកឃ្លាំមើលយោធាដ៏ល្បីមួយរូប នៅក្នុងប្រទេសជប៉ុន លោក ធិតស៊ូ មែដា (Tetsuo Maeda) បាននិយាយថា គំរោងកែប្រែនាវាពិឃាតជប៉ុន អ៊ីស៊ូមុ (Izumo) ទៅជានាវាដឹកយន្ដហោះចម្បាំង គឺជាការរំលោភទាំងស្រុង លើគោលនយោបាយការពារខ្លួនតែមួយគត់របស់ជប៉ុន ហើយប្រជាជនជប៉ុន គួរតែយកចិត្តទុកដាក់ចំពោះគំរោងបែបនេះ៕
៥៖ អគ្គលេខាធិការនៃអង្គការរំដោះជាតិប៉ាឡេស្ទីន ហៅកាត់ថា PLO លោក Saeb Erekat បានថ្លែងថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន នឹងងាកទៅរកអង្គការសហប្រជាជាតិ ដើម្បីឲ្យដាក់ទណ្ឌកម្មយ៉ាងសាកសមទៅលើប្រទេសហ្គាតេម៉ាឡា (Guatemala) ដោយសារការសម្រេចចិត្តរបស់ខ្លួន ក្នុងការដើរតាមសហរដ្ឋអាមេរិក ដោយចង់ផ្លាស់ប្តូរស្ថានទូតខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម៕
៦៖ អាជ្ញាធរវៀតណាមបានកាត់ទោសភេរវករ ១៥នាក់ ឱ្យជាប់ពន្ធនាគារពីបទរួមរៀបចំគំរោងវាយប្រហារភេរវកម្មមិនបានសម្រេច នៅអាកាសយានដ្ឋានដ៏មមាញឹកមួយ មុនថ្ងៃបុណ្យជាតិវៀតណាម៕