(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួនមិនបានរំលោភបំពាន លើដំណោះស្រាយដាក់ទណ្ឌកម្មប្រេងរបស់អង្គការសហប្រជាជាតិ ប្រឆាំងកូរ៉េខាងជើងឡើយ។ ការថ្លែងបែបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង សារព័ត៌មានកូរ៉េខាងត្បូងមួយ ដែលបានចុះផ្សាយថា នាវាចិនបានលួចលាក់ដឹកប្រេងទៅកាន់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានអះអាងថា ចិន បាននិងកំពុងអនុវត្តយ៉ាងពេញលេញ នូវដំណោះស្រាយអង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង។ «ស្ថានភាពដែលអ្នកលើកឡើង វាមិនមែនជាការពិតជាដាច់ខាត»។ នេះគឺជាការលើកឡើងរបស់ លោក Ren Guoqiang ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានសួរថា តើនាវាចិនបានផ្គត់ផ្គង់ប្រេងដល់កូរ៉េខាងជើងដែរ ឬទេ។
គួររំលឹកថា កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយ ដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើងសម្រាប់ ការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីថ្មីៗកន្លងទៅនេះ។ ម្យ៉ាងវិញទៀត ផ្អែកលើដំណោះស្រាយនេះ សហគមន៍អន្តរជាតិ មានបំណងកាត់បន្ថយការផ្គត់ផ្គង់ប្រេង ជាង ៩០ភាគរយ ឬស្មើនឹង ៥០០,០០០បារ៉ែល ក្នុងមួយឆ្នាំ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏មានគោលដៅកាត់បន្ថយជាអតិបរមា ផងដែរនូវការនាំចេញប្រេងឆៅ ០៤លានបារ៉ែល ក្នុងមួយឆ្នាំទៅកាន់កូរ៉េខាងជើង ខណៈទណ្ឌកម្មផ្សេងទៀតអាចនឹងត្រូវធ្វើឡើង បើសិនជាទីក្រុងព្យុងយ៉ាង នៅតែបន្តធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលឆ្លងទ្វីប៕