(កាប៊ុល)៖ ទីបំផុតតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការបំផ្ទុះគ្រាប់បែកនៅភាគខាងលិច រដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ក្រុមភេរវករល្បីលេខ ១ លើលោកគឺ ISIS បានចេញមុខអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារនេះ ដែលបានបណ្តាលឲ្យមនុស្សសរុប ៤០នាក់ស្លាប់ និងជាង ៣០នាក់រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
អាជ្ញាធរអាហ្វហ្គានីស្ថានបានឲ្យដឹងទៀតថា ចំនួនជនរងគ្រោះរហូតដល់បាត់បង់ជីវិត ទំនងជានឹងកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខុសៗគ្នា ហើយពួកគេភាគច្រើន បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ការវាយប្រហារនេះបានកើតមានឡើង នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាត ០២នាក់ បានចុចបំផ្ទុះខ្លួនរបស់ពួកគេ នៅឯទីតាំងមួយកន្លែង ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត Tebyan រួមនិងការិយាល័យសារព័ត៌មានអាហ្វហ្គានីស្ថានតាំងនៅ។
គួរបញ្ជាក់ថា បើតាមប្រភពពីមន្រ្តីសន្តិសុខអាហ្វហ្គនីស្ថាន «ការជួបជុំគ្នាមួយ កំពុងតែប្រព្រឹត្តទៅនៅឯទីតាំងខាងលើ នៅមុនពេលដែលហេតុការណ៍បំផ្ទុះគ្រាប់បែកកើតឡើង ហើយជនដៃដល់ទាំង ០២នាក់ ក៏បានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុផងដែរ»៕