(មីយ៉ាន់ម៉ា)៖ អ្នកស៊ើបអង្កេតឯករាជ្យលើបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា របស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើចិន និងរុស្ស៊ី ដើម្បីជាការសាកល្បងបញ្ចុះបញ្ចូលឱ្យពួកគេ ប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ការអំពាវនាវខាងលើធ្វើឡើងដោយ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Yanghee Lee ដែលជាអ្នកត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ា រារាំងមិនឱ្យបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីសប្ដាហ៍មុន។ យោងតាមលោកស្រី Lee ចិន និងរុស្ស៊ីបានបរាជ័យក្នុងការគាំទ្រដល់សកម្មភាព មួយចំនួននៃអង្គការសហប្រជាជាតិ ដែលកំពុងព្យាយាមបញ្ឈប់ប្រតិបត្តិការ របស់យោធាមីយ៉ាន់ម៉ា បង្រ្កាបទៅជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine ខណៈមនុស្ស ៦៥៥,០០០នាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។
«ខ្ញុំចង់ឱ្យសហគមន៍អន្តរជាតិ បន្តធ្វើការងារជាមួយចិន និងរុស្ស៊ី ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យមក ឈរខាងសិទ្ធិមនុស្សវិញ»។ នេះបើតាមការលើកឡើងរបស់លោកស្រី Yanghee Lee ប្រាប់ Reuters។ ប៉ុន្តែជាការឆ្លើយតបនឹងលោកស្រី Lee អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Hua Chunying បានបញ្ជាក់ឡើងវិញការដើរតួក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ នឹងកាន់បន្ថែមសម្ពាធលើសិទ្ធិមនុស្ស ហើយវាក៏មិនអាចជួយដោះស្រាយបញ្ហាបច្ចុប្បន្នបានដែរ តែមានតែធ្វើស្ថានភាពកាន់តែស្មុគស្មាញប៉ុណ្ណោះ។
គួររំលឹកថា កាលពីសប្ដាហ៍មុនមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយមួយស្ដីពីវិបតិ្តជនជាតិរ៉ូហ៊ីងយ៉ា ដែលស្នើឡើងដោយអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)។ ដំណោះស្រាយនេះត្រូវបានបោះឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ ១២២សំឡេង ប្រឆាំង ១០សំឡេង និង ២៤ ទៀតអនុប្បវាទ ហើយប្រទេសដែលបោះឆ្នោតជំទាស់មាន ចិន រុស្ស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ហ្ស៊ីមបាវេ ស៊ីរី និងបេលឡារុស ដោយយល់ថា វិបត្តិរូហ៊ីងយ៉ា គឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា៕