(អ៊ីស្ដង់ប៊ូល)៖ ប៉ូលិសតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ខ្លួនមនុស្ស ៣៨នាក់ ក្នុងនោះរួមមានទាំងជនជាតិស៊ីរីជាច្រើននាក់ ក្រោមបទសង្ស័យថា មានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងទីក្រុង Bursa ភាគពាយ័ព្យនៃប្រទេស។ នេះបើតាមសារព័ត៌មានតួកគី Anadolu ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu មនុស្សទាំង ៣៨នាក់ ខាងលើត្រូវបានប៉ូលិសប្រឆាំងភេរវកម្មរបស់តួកគី ចាប់ខ្លួននៅក្នុងប្រតិបត្តិការជាច្រើន នៅឯទីក្រុង Bursa។ ដោយឡែកកាលពីថ្ងៃអង្គារ ប៉ូលិសតួកគី ក៏បានចាប់ខ្លួនមនុស្ស ១២នាក់ផងដែរ នៅក្នុងខេត្ត Adana ដោយសង្ស័យថា អ្នកទាំងនេះបានរៀបចំគំរោងវាយប្រហារ នៅអំឡុងថ្ងៃចូលឆ្នាំសកល តាមរយៈការប្រើប្រាស់យានយន្ដ និងកូនកាំបិត។
គួររំលឹកថា នៅថ្ងៃចូលឆ្នាំសកលកាលពីឆ្នាំមុន ជនសង្ស័យម្នាក់ឈ្មោះ អាប់ឌុលកាឌឺ ម៉ាហ្សារីពៅ (Abdulkadir Masharipov) បានបាញ់សម្លាប់មនុស្ស ៣៩នាក់ នៅឯក្លឹបរាត្រី Reina ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល រីឯក្រុម ISIS បានចេញមុខទទួលខុសត្រូវថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕