(កាប៊ុល)៖ ចំនួនមនុស្សស្លាប់បានកើនដល់យ៉ាងហោចណាស់ ៤០នាក់ រួមទាំងជនដៃដល់ និងរបួសប្រមាណ ៣០នាក់ ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗគ្នា នៅក្នុងទីតាំងមួយកន្លែង នៅភាគខាងលិចរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ចំនួនជនរងគ្រោះទំនងជានឹងកើនឡើងបន្តទៀត ខណៈអ្នករងរបួសជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខុសគ្នា ហើយពួកគេភាគច្រើន បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ការវាយប្រហារនេះបានកើតមានឡើង នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាត ០២នាក់ បានចុចបំផ្ទុះខ្លួនរបស់ពួកគេ នៅឯទីតាំងមួយកន្លែង ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត Tebyan រួមនិងការិយាល័យសំឡេងអាហ្វហ្គានីស្ថានស្ថិតនៅ។
ប្រភពពីមន្រ្តីសន្តិសុខអាហ្វហ្គនីស្ថានបានឲ្យដឹងថា «ការជួបជុំគ្នាមួយ កំពុងតែប្រព្រឹត្តទៅនៅឯទីតាំងខាងលើ នៅមុនពេលដែលហេតុការណ៍បំផ្ទុះគ្រាប់បែកកើតឡើង ហើយជនដៃដល់ទាំង ០២នាក់ ក៏បានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុផងដែរ»។
គួរជម្រាបថា មកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាអ្នកនៅពីក្រោយករណីនេះនៅឡើយទេ ខណៈក្រុមឧទ្ទាមតាលីបង់បានបញ្ជាក់ថា ខ្លួនពុំមានជាប់ពាក់ព័ន្ធឡើយ៕