(តូក្យូ)៖ អ្នកឃ្លាំមើលយោធាដ៏ល្បីមួយរូប នៅក្នុងប្រទេសជប៉ុន លោក ធិតស៊ូ មែដា (Tetsuo Maeda) បាននិយាយថា គំរោងកែប្រែនាវាពិឃាតជប៉ុន អ៊ីស៊ូមុ (Izumo) ទៅជានាវាដឹកយន្ដហោះ ចម្បាំង គឺជាការរំលោភទាំងស្រុង លើគោលនយោបាយការពារខ្លួនតែមួយគត់របស់ជប៉ុន ហើយប្រជាជនជប៉ុន គួរតែយកចិត្តទុកដាក់ចំពោះគំរោងបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ស៊ីនហួរ លោក Tetsuo Maeda បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការកែប្រែនាវាពិឃាត Izumo ទៅជានាវាដឹកយន្ដហោះចម្បាំង គឺជាទង្វើ រំលោភទាំងសុ្រង លើគោលនយោបាយការពារខ្លួនតែមួយគត់របស់ជប៉ុន ហើយខ្ញុំប្រឆាំងជាដាច់ខាតនឹងចេតនានេះ។ ចំណែកឯប្រជាជនជប៉ុន គួរតែយកចិត្តទុកដាក់ព្រោះថា វានឹងធ្វើឱ្យគោលនយោបាយស្វ័យការពារជប៉ុន ស្ថិតនៅក្នុងគ្រោះថ្នាក់ ខណៈវាកំពុងត្រូវបានបោះបង់ចោលស្ទើរតែទាំងស្រុង ក្រោមរដ្ឋាភិបាល លោក ស៊ីនហ្សូ អាបេ»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណាលើការកែប្រែនាវាពិឃាតជប៉ុន Izumo ទៅជានាវាដឹកយន្ដហោះចម្បាំង ក៏ដូចជាគ្រោង នឹងទិញយន្ដហោះ F-15 ជាច្រើនគ្រឿងបន្ថែម ដែលមានសមត្ថភាពចុះចត និងហោះឡើងក្នុងរយៈពេលខ្លី នៅលើនាវាដឹកយន្ដហោះចម្បាំង ដ៏ស្រពិចស្រពិលនេះ។ តែទោះ យ៉ាងនេះក្ដីរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៊ីតស៊ូនួរី អូណូឌែរ៉ា (Itsunori Onodera) បានបដិសេធថា ពុំមានកិច្ចប្រឹងប្រែងណាមួយ ដូចដែលសារព័ត៌មានបានចុះផ្សាយនោះទេ ប៉ុន្តែលោកថា ក្រសួងការពារជាតិជប៉ុនកំពុងពង្រឹងសមត្ថភាពយោធាពីទស្សនៈវិស័យផ្សេងៗពីគ្នា៕