(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា សកម្មភាពយោធាញឹកញាប់ពេករបស់ចិន កំពុងបង្កជាអស្ថេរភាពនៅក្នុងតំបន់ ហើយថា តៃវ៉ាន់នឹងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះអ្វីដែលខ្លួនកំពុងសម្លឹងមើល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោកស្រី Tsai Ing-wen ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងសប្ដាហ៍នេះ បានចេញផ្សាយសៀវភៅសមួយដោយអះអាងថា កងកម្លាំងទ័ពអាកាសចិនបានដឹកនាំការធ្វើសមយុទ្ធយោធា ១៦លើក នៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល ០២ឆ្នាំ មកនេះ។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា « នៅក្នុងពេលបច្ចុប្បន្ន សកម្មភាពយោធាញឹកញាប់របស់ចិន នៅក្នុងតំបន់អាស៊ីខាងកើត បានបង្កផលប៉ះពាល់រួចទៅហើយដល់សុវត្ថិភាព និងស្ថេរភាពនៅក្នុងតំបន់... មួយវិញទៀតដោយហេតុថា ប្រទេសរបស់យើងតែងតែធ្វើជាអ្នកចូលរួមចំណែកថែរក្សាសុវត្ថិភាព និងស្ថេរភាព ដូច្នេះហើយកងទ័ពជាតិរបស់យើង នឹងបន្តឃ្លាំមើលយ៉ាងយកចិត្ត ទុកដាក់រាល់សកម្មភាពយោធារបស់ចេញ ក៏ដូចជានឹងចាត់វិធានការសមស្របដែលចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ប្រទេស និងនៅក្នុងតំបន់»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក៏បានព្រមានជាញយៗដែរថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះមួយនេះ បើសិនជារដ្ឋាភិបាលទីក្រុងត៉ៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕