(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការស្ទង់មតិកាលពីសប្តាហ៍មុន បានបង្ហាញថា លោក ដូណាល់ ត្រាំ ធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុកនោះ ការស្ទង់មតិមួយទៀតនាសប្តាហ៍បានចេញលទ្ធផល ចំពោះលោក បារ៉ាក់ អូបាម៉ា ម្តងវិញដោយក្នុងនោះ លោកត្រូវបានចាត់ទុកថា ជាបុរសដ៏គួរឲ្យគោរពស្រឡាញ់បំផុត នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលលោកស្រី ហ៊ីលឡារី គ្លីនតុន វិញក៏ជាប់ជាស្ត្រីដ៏គួរឲ្យគោរពបំផុតដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ការស្ទង់មតិពី Gallup ត្រូវបានធ្វើឡើងផ្តោតទៅលើប្រជាប្រិយភាពរបស់ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងរបស់សហរដ្ឋអាមេរិក ដែលបានកាន់អំណាចរហូតដល់ ២អាណត្តិ ពីដើមឆ្នាំ២០០៩ រហូតដល់ដើមឆ្នាំ២០១៧ រួមជាមួយនឹងលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតបេក្ខភាពប្រធានាធិបតី នៃបក្សប្រជាធិបតេយ្យ ដែលបានទទួលសំឡេងប្រកៀកប្រកិតបំផុត ជាមួយនឹងលោក ដូណាល់ ត្រាំ កាលពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់លោក បារ៉ាក់ អូបាម៉ា ទទួលបានការគាំទ្រ ១៧ភាគរយ ដោយពួកគេអះអាងថា លោក អូបាម៉ា ជាបុរសដ៏គួរឲ្យគោរពបំផុត ដែលជាចំនួនធ្លាក់ចុះពីឆ្នាំ២០១៦ ដែលបានទទួលរហូតដល់ទៅ ២២ភាគរយ។ ដោយឡែកលោក ត្រាំ វិញជាប់លេខ ២ ទទួលបាន ១៤ភាគរយ ខណៈសម្តេច ប៉ុប ហ្វ្រង់ស៊ីស ទទួលបានតែ ០៣ភាគរយប៉ុណ្ណោះ ជាបុរសដ៏គួរឲ្យគោរពបំផុត។
ដោយឡែកលោកស្រី គ្លីនតុន វិញទទួលបានសំឡេងគាំទ្រ ០៩ភាគរយ ជាប់លេខ ១ ក្នុងចំណោមស្ត្រីដ៏គួរឲ្យគោរពបំផុតនៅអាមេរិក ខណៈលោកស្រី មីឈែល អូបាម៉ា ទទួលបានលេខ ២ ក្នុងសំឡេងគាំទ្រ ០៧ភាគរយ និងលោកស្រី Oprah Winfrey ទទួលបាន ០៤ភាគរយ។
គួរបញ្ជាក់ថា ចំនួនខាងលើនេះគឺមានន័យថា លោក អូបាម៉ា បានឈរនៅលេខរៀងកំពូល ក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នា ខណៈលោកស្រី គ្លីនតុន គឺឈរលេខរៀងទី ១ នេះរហូតដល់ទៅ ១៦ឆ្នាំ ជាប់ៗគ្នាទៅហើយ។ Gallup បានធ្វើការស្ទង់មតិទៅលើយុវវ័យចំនួន ១,០៤៤រូប ពីចម្លោះថ្ងៃទី០៤ ដល់ទី១១ ខែធ្នូ ដែលយកលទ្ធផលសរុប នៃសំឡេងទទួលបានម្នាក់ៗ ធ្វើជាភាគរយនៃការគាំទ្របុគ្គលទាំងស្ត្រី និងបុរសតែម្តង៕