(ហារ៉ារេ)៖ ប្រធានាធិបតីហ្ស៊ីមបាវេ លោក អេមម៉ឺសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) ទីបំផុតបានធ្វើការតែងតាំងអតីតមេបញ្ជាការកងកម្លាំងយោធាការពារជាតិ លោក ខុនស្ទេនទីណូ ឈីវេងហ្គា (Constantino Chiwenga) និងរដ្ឋមន្រ្តីសន្តិសុខការពារជាតិ និងអតីតយុទ្ធជនសង្រ្គាម គឺលោក ខិមបូ ម៉ូហាឌី (Kembo Mohadi) ជាអនុប្រធានាធិបតីទាំង ២ របស់ប្រទេសហ្ស៊ីមបាវេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ការតែងតាំងខាងលើនេះ ត្រូវបានមន្រ្តីជំនិតរបស់ លោក Mnangagwa អះអាងគឺស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ដោយឡែក នៅក្នុងចំណោមអនុប្រធានាធិបតីទាំង ២រូបនេះ ក៏រួមមានម្នាក់ ដែលជាបុគ្គលនៅពីក្រោយការធ្វើអន្តរាគមន៍យោធា ដែលឈានទៅដល់ការចុះចេញពីអំណាចដោយសន្តិវិធី នៃអតីតប្រធានាធិបតីវ័យ ៩៣ឆ្នាំ លោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) កាលពីខែវិច្ឆិកាកន្លងទៅផងដែរ ដោយបុគ្គលរូបនោះគឺ លោក Constantino Chiwenga។
គួរជម្រាបថា ពិធីស្បថឡើងកាន់តំណែង នៃអនុប្រធានាធិបតីហ្ស៊ីមបាវេទាំង ២រូប នឹងត្រូវធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅក្នុងប្រទេសហ្ស៊ីមបាវេ)៕