(ស៊ីរី)៖ ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងពួក ISIS មិនមានបំណងវាយប្រហារលើពួកសកម្មប្រយុទ្ធ ISIS មានវត្តមាននៅលើទឹកដីស៊ីរី ដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីឡើយ។ នេះបើតាមមន្ត្រីជានខ្ពស់ក្រុមចំរុះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមឧត្តមសេនីយ៍អង់គ្លេស លោក ហ្វេលីច ហ្គេដណេយ (Felix Gedney) ក្រុមចំរុះពិតជាមានការសោកស្ដាយណាស់ ដែលក្រុមសកម្មប្រយុទ្ធ ISIS បានទទួជ័យជម្នះនៅក្នុងតំបន់មួយ ចំនួនក្រោមការគ្រប់គ្រង់របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ជាពិសេសនៅភាគឦសាននៃប្រទេស ពោលគឺនៅឯភាគខាងកើតនៃទន្លេ Euphrate និងភាគខាងលិចនៃទន្លេ មួយនេះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ កងកម្លាំងគាំទ្រដោយក្រុមចំរុះ។
លោក Felix Gedney បានគូសបញ្ជាក់ដូច្នេះថា «ពួក ISIS ហាក់ដូចជាកំពុងផ្លាស់ទី ឆ្លងកាត់ទឹកដីគ្រប់គ្រងដោយរបបស៊ីរីយ៉ាងសេរី ហើយដែលនេះបង្ហាញថា របបដឹកនាំទីក្រុងដាម៉ាស់គ្មានសមត្ថភាពយកឈ្នះពួក ISIS នៅតាមតំបន់ព្រំដែនរបស់ខ្លួន... ប៉ុន្តែយើងមិនមានបំណងវាយប្រហារ ឬដឹកនាំប្រតិបត្តិការណាមួយនៅក្នុងតំបន់ដែលបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបដឹកនាំស៊ីរីនោះទេ»។
គួរបញ្ជាក់ថា បើតាមលោក Felix Gedney ការប្រយុទ្ធប្រឆាំងនឹងពួក ISIS មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ខណៈក្រុមសកម្មមួយនេះយ៉ាងតិច ១,០០០នាក់ កំពុងមាន វត្តមាននៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់៕