(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានស្នើឱ្យរុស្ស៊ីជួយបន្ធូរបន្ថយភាពតានតឹង នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយការស្នើនេះធ្វើឡើង នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ បន្ទាប់ពីរុស្ស៊ីបានស្នើឲ្យអាមេរិក ឲ្យឈប់លេងល្បែងសង្គ្រាម នៅឧបទ្វីបកូរ៉េតទៀត។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីធើ ណឺត (Heather Nauert) នៅក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ លោក ធីល្លឺសុន បានបញ្ជាក់ថា សហរដ្ឋអាមេរិកពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សា នៅភាគខាងកើតប្រទេសអ៊ុយក្រែន ព្រមទាំងបានស្នើឱ្យរុស្ស៊ីជួយបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែជាមួយនឹងការស្នើកិច្ចសហការពីរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចចិត្តនឹងលក់អាវុធទំនើបៗឱ្យអ៊ុយក្រែន ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពការពារជាតិ ខណៈយល់ថា ការសម្រេចចិត្តនេះនឹងធ្វើឱ្យជម្លោះកាន់តែតានតឹង ហើយការបង្ហូរឈាមដាក់គ្នានឹងមានកាន់តែច្រើន។
គួរបញ្ជាក់ថា ជម្លោះរវាងកងកម្លាំងអ៊ុយក្រែន និងក្រុមឧទ្ទាមបំបែករដ្ឋលំអៀងរករុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ផ្ទុះឡើងកាលពីឆ្នាំ២០១៤ មកទល់នឹងពេលនេះ បានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង ១០,០០០នាក់ ហើយមិនតែប៉ុណ្ណោះវា ក៏បានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងរុស្ស៊ីជាមួយសហភាពអឺរ៉ុប ស្គាល់ ភាពតានតឹងរហូតដល់មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដាក់គ្នាទៅវិញទៅមក៕