(ប៉ាឡេស្ទីន)៖ អគ្គលេខាធិការនៃអង្គការរំដោះជាតិប៉ាឡេស្ទីន ហៅកាត់ថា PLO លោក Saeb Erekat បានថ្លែងថា ថ្នាក់ដឹកនាំប៉ាឡេស្ទីន នឹងងាកទៅរកអង្គការសហប្រជាជាតិ ដើម្បីឲ្យដាក់ទណ្ឌកម្មយ៉ាងសាកសម ទៅលើប្រទេសហ្គាតេម៉ាឡា (Guatemala) ដោយសារការសម្រេចចិត្តរបស់ខ្លួន ក្នុងការដើរតាមសហរដ្ឋអាមេរិក ដោយចង់ផ្លាស់ប្តូរស្ថានទូតខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយវិទ្យុសំឡេងប៉ាឡេស្ទីន លោក Erekat បានលើកឡើងថា ការសម្រេចចិត្តរបស់ហ្គាតេម៉ាឡា គឺបំពានលើច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញរបស់អង្គការសហប្រជាតិ ព្រមទាំងដំណោះស្រាយទាំង ១២ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលបានធ្វើឡើងពាក់ព័ន្ធនឹង ទីក្រុងហ្សេរុយសាឡឹមដ៏ចម្រូងចម្រាស។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីហ្គាតេម៉ាឡា លោក ជីមមី មូរ៉ាល់ឡែស (Jimmy Morales) បានបញ្ជាឱ្យផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ហើយដែលការសម្រេចចិត្តនេះទៀត បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងការសម្រេចចិត្តរបស់លោក ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល៕