(ហាណូយ)៖ អាជ្ញាធរវៀតណាមបានកាត់ទោសភេរវករ ១៥នាក់ ឱ្យជាប់ពន្ធនាគារពីបទរួមរៀបចំគំរោងវាយប្រហារភេរវកម្មមិនបានសម្រេច នៅអាកាសយានដ្ឋានដ៏មមាញឹកមួយ មុនថ្ងៃបុណ្យជាតិវៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃពុធម្សិលមិញ តុលាការក្នុងទីក្រុងហូជីមិញ បានផ្ដន្ទាទោសមនុស្ស ១៥នាក់ ដាក់ពន្ធនាចន្លោះពី ០៦ឆ្នាំ ទៅ ១៦ឆ្នាំ បន្ទាប់ពីពួកគេ ត្រូវបានគេចោទប្រកាន់ថា បានរៀបចំគំរោងវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកមិនបានសម្រេច នៅឯអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។
បន្ថែមពីលើនេះអ្នកទាំងនេះ ក៏ត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ផងដែរថា មានបណ្ដាញអ៊ីនធើណែតជាប់ពាក់ព័ន្ធនឹងក្រុមជនបរទេស ដែលជាអ្នកផ្ដល់ហិរញ្ញវត្ថុសម្រាប់ការរៀបចំផែនការ វាយប្រហារភេរវកម្មកាលពីខែមេសា ពោលគឺមុននឹងពិធីបុណ្យឯកជាតិវៀតណាមនៅចុងខែមេសា។ ក៏ប៉ុន្តែខាងអាជ្ញាធរវៀតណាមមិនបានបញ្ជាក់អ្វីបន្ថែមនោះទេ។
គួរបញ្ជាក់ថា ការវាយប្រហារដោយភេរវកម្ម គឺកម្រនឹងកើតឡើងណាស់ នៅក្នុងប្រទេសវៀតណាម ជាទីដែលសន្តិសុខត្រូវបានរឹតបន្តឹងខ្លាំង ក៏ព្រោះតែរដ្ឋាភិបាលហាណូយ តែងតែធ្វើការគ្រប់គ្រង យ៉ាងតឹងរឹង ជាពិសេសទៅលើបណ្តាញទូរគមនាគមន៍ និងបណ្តាញសង្គម ដែលជាបណ្តាញនៃមនុស្សប្រមូលផ្តុំគ្នា តាមរយៈការផ្ញើសារជាវីដេអូ សំឡេង និងរូបភាពជាដើម៕