(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែល​កំពុងគ្រោងសាង​សង់​ស្ថានីយរថភ្លើងមួយ នៅក្នុងទីក្រុង​ហ្សេរុយសាឡឹម ហើយមាន​បំណង​​ចង់​ដាក់​​ឈ្មោះ​ស្ថានីយនេះ​តាម លោក ដូណាល់ ត្រាំ ដើម្បីជាការ​អរគុណចំពោះ​លោកប្រធានាធិបតី​អាមេរិក ដែលបាន​ប្រកាស​ទទួល​ស្គាល់ទីក្រុង​ពិសិដ្ឋនេះ ជារដ្ឋធានី​របស់ប្រទេស​អ៊ីស្រាអែល។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧។

រដ្ឋមន្រ្តីដឹកជញ្ជូន​អ៊ីស្រាអែល លោក យីស្រាអែល ខេតស៍ (Yisrael Katz) បានថ្លែងថា «ខ្ញុំបានសម្រេច​ចិត្តថា ដាក់ឈ្មោះ​ស្ថានីយរថភ្លើងដែល​ត្រូវគេ​គ្រោង​​នឹង​សាង​សង់​​ឡើង​នៅក្នុងទីក្រុង​ហ្សេរុយសាឡឹម តាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​​ការ​សម្រេច​ចិត្ត​ដ៏​អង់​អាច និង​ជា​ប្រវត្តិសាស្រ្ត​របស់លោក ក្នុងការទទួលស្គាល់​​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី​របស់ប្រជាជនជ្វីប និង​ជា​របស់​ប្រទេស​​អ៊ីស្រា​អែល»

គួរជម្រាប បើតាមលោក Katz ទីតាំងសម្រាប់គម្រោងសាង់ស្ថានីយរថភ្លើង​ល្បឿនលឿននេះ ត្រូវបានជ្រើសរើស​នៅក្បែរជញ្ជាំង​ភាគខាងលិច​ នៃទីក្រុងចំណាស់ហ្សេរុយសាឡឹម ពោលគឺនៅចំ​កណ្តាលតំបន់ដែល​ប្រជាជនប៉ាឡេស្ទីន ចង់បាន​ធ្វើជារដ្ឋ​ធា​នី​នាពេលអនាគត​របស់ពួកគេ។

ម៉្យាងវិញទៀត គម្រោង​ខាងលើនេះ បើតាមអ្នកនាំពាក្យ​ម្នាក់របស់ក្រសួងដឹក​ជញ្ជូនអ៊ីស្រាអែល នៅតែជារូបភាព​គូសវាសលើក្តា​ខៀន​នៅឡើយទេ ដោយវាចាំ​បាច់ត្រូវមានការអនុញ្ញាត​ពីក្រសួងដទៃៗ​ទៀត ហើយកាល​បរិច្ឆេទជាក់លាក់ ថានឹងអាចចាប់​ផ្តើម​គម្រោងសាងសង់​ទៅបាន ក៏ពុំទាន់ត្រូវបាន​កំណត់ផងដែរ។

គួររំលឹកផងដែរថា ការប្រកាសទទួល​ស្គាល់របស់ លោក ដូណាល់ ត្រាំ ចំពោះទីក្រុង​ហ្សេរុយសាឡឹមជា រដ្ឋធានីរបស់អ៊ីស្រាអែល​​កាលពីដើមខែនេះ បានបង្កឲ្យមាន​ការថ្កោលទោសជាខ្លាំង​ពីអន្តរជាតិ ហើយកាលពី​សប្តាហ៍មុន ការសម្រេចចិត្ត​ដ៏ចម្រូងចម្រាសនេះ ត្រូវបានសមាជិក​នៃមហាសន្និបាត​អង្គការសហប្រជាជាតិ បោះឆ្នោតក្នុង​សំឡេង​ភាគច្រើន ទាត់ចោល​ថែមទៀតផង៕