(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានព្រមានប្រឆាំងនឹងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដោយគ្មានទំនួលខុសត្រូវ នៅក្នុងបរិបទ ដែលប្រធានាធិបតីអាមេរិកបច្ចុប្បន្នគឺលោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញការប្រើប្រាស់បណ្ដាញ Twitter រិះគន់លើក្រុមអ្នកប្រឆាំងនឹងរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
ការព្រមានរបស់លោក អូបាម៉ា ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយព្រះអង្គម្ចាស់អង់គ្លេស Harry នៅថ្ងៃពុធនេះ តាមរយៈវិទ្យុ BBC ហើយនេះគឺជាបទសម្ភាសន៍ដ៏កម្រ សម្រាប់អតីតប្រធានាធិបតីអាមេរិករូបនេះចាប់តាំងពីផុតអណត្តិកាលពីខែមករាមក។ ថ្លែងនាឱកាសនោះ លោក អូបាម៉ា បានបញ្ជាក់ថាការប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គមដោយគ្មានទំនួលខុសត្រូវ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ការយល់ដឹងរបស់ប្រជាជនជុំវិញបញ្ហាស្មុគស្មាញមួយចំនួន និងការកើនឡើងនៃព័ត៌មានមិនពិត។ លោក បន្ថែមទៀតថា គ្រោះថ្នាក់មួយដ៏ធំនៃការប្រើប្រាស់អ៊ីនធឺនែតគឺការធ្វើឱ្យមនុស្សមានភាពខុសគ្នាទាំងស្រុង។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់បណ្ដាញ Twitter រិះគន់ក្រុមអ្នកប្រឆាំងនឹង លោកហើយមិនតែប៉ុណ្ណោះលោកក៏ធ្លាប់មានជម្លោះជាមួយសារព័ត៌មាននៅក្នុងស្រុកកផងដែរជាពិសេសគឺស្ថានីយ៍ទូរទស្សន៍ CNN ដែលលោកត្រាំចាត់ទុកថាជាអ្នកផ្សព្វ ផ្សាយព័ត៌មានមិនពិត៕