(អ៊ីស្តង់ប៊ុល)៖ ក្រុមរដ្ឋអាជ្ញាតួកគីនាថ្ងៃពុធនេះ បានចេញដីកាឃុំខ្លួន ចំពោះអតីតបុគ្គលិកចំនួន ១៧១នាក់ នៃសាកលវិទ្យាល័យ Faith ដែលពេលនេះត្រូវបានបិទទ្វទៅហើយនោះ ជុំវិញការសង្ស័យថា ជនទាំងនោះ មានជាប់ទាក់ទងនឹងការរៀបចំគម្រោងធ្វើរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
សាកលវិទ្យាល័យ Faith ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ត្រូវបានបិទទ្វារកាលពីឆ្នាំទៅ ជុំវិញការសង្ស័យអំពីទំនាក់ទំនងរវាងគ្រឹះស្ថានឧត្តមសិក្សានេះ ជាមួយនឹងបណ្តាញចលនា ដែលដឹកនាំដោយបុព្វជិតតួកគីម្នាក់ សព្វថ្ងៃកំពុងឋិតនៅលើទឹកដីសហរដ្ឋអាមេរិក ដោយបុគ្គលរូបនេះត្រូវបានចោទប្រកាន់ថា ជាមេកើយនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស ២៥០នាក់ បាត់បង់ជីវិត ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបអះអាងថា នេះគ្រាន់តែទង្វើរដ្ឋាភិបាលទីក្រុងអង់ការ៉ា សម្តែងឡើងដើម្បីក្តោបអំណាចឲ្យខ្លាំងជាងមុនប៉ុណ្ណោះ។
គួរជម្រាបថា មនុស្សលើសពី ១៥០,០០០នាក់ ត្រូវបានបញ្ឈប់ ឬព្យួរពីមុខតំណេងរបស់ពួកគេ ខណៈជាង ៥៥,០០០នាក់ ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតព្រមទាំង ប្រតិបត្តិការបង្រ្កាបយ៉ាងក្តៅគគុក ដែលកំពុងបន្តប្រព្រឹត្តទៅ៕