(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) អាចនឹងចាត់ទុកថា «ជំងឺញៀននឹងល្បែងហ្គេមវីដេអូ» គឺជាជំងឺផ្លូវចិត្តនៅក្នុងសៀវភៅរបស់ខ្លួន ស្ដីពីជំងឺនៅឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងឯកសារព្រាងនៃការធ្វើបច្ចុប្បន្នភាពលើកទី ១១ ស្ដីពីការចាត់ថ្នាក់ប្រភេទជំងឺអន្តរជាតិ (ICD-11) ជំងឺញៀននឹងល្បែងហ្គេមវីដេអូ ត្រូវបានរាប់បញ្ចូលនៅក្នុងប្រភេទជំងឺផ្លូវចិត្ត បញ្ហាអាកប្បកិរិយា និងជំងឺពាក់ព័ន្ធនឹងការអភិវឌ្ឍខួរក្បាល។ ជាងនេះទៅទៀត ICD-11 ក៏បានបញ្ជាក់ដែរថា អ្នកមានជំងឺញៀននឹងល្បែងហ្គេមវីដេអូ គឺចាប់អារម្មណ៍ខ្លាំងលើការលេងហ្គេម ជាជាងសកម្មភាពប្រចាំថ្ងៃដទៃទៀត ហើយបើទោះជាគេដឹង ពីផលប៉ះពាល់ក៏គេនៅតែបន្តលេងហ្គេម ហើយដែលអាកប្បកិរិយាបែបនេះ នឹងជះឥទ្ធិពលអាក្រក់លើជីវិតផ្ទាល់ខ្លួន គ្រួសារ សង្គម រួមទាំងការអប់រំផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ស្ត្រីជនជាតិចិនម្នាក់អាយុ ២៧ឆ្នាំ ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ បន្ទាប់ពីចំណាយពេល ១០ម៉ោង ជាប់ៗគ្នាលេងល្បែងវីដេអូហ្គេម។ ចំណែកឯនៅឆ្នាំ២០១៥ ក្មេងប្រុសរុស្ស៊ីម្នាក់ទៀតអាយុ ១៧ឆ្នាំ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ និងក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរូបគេសន្លប់ស្ដូកស្ដឹង នៅពេលកំពុងលេងហ្គេម។ ក្មេងប្រុសរូបនេះត្រូវបានគេរាយការណ៍ថា បានលេងហ្គេម ២២ថ្ងៃ ជាប់ៗគ្នា ពោលគឺគេឈប់នៅពេលដេក និងញុំាតែប៉ុណ្ណោះ៕