(ម៉ូស្គូ)៖ រុស្ស៊ីនឹងទុកនាវាចម្បាំងមួយក្រុម ឲ្យឈរជើងជាអចិន្រ្តៃយ៍នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ក្រោយពីប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរី បានបិទបញ្ចប់ទៅជាស្ថាពរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
ប្រធាសេនាធិការនៃកងប្រដាប់អាវុធរុស្ស៊ី លោក វ៉ាឡឺរី ហ្គារ៉ាស៊ីម៉ូវ (Valery Garasimov) បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «កងនាវាចម្បាំងរបស់យើងមួយក្រុម នឹងចាប់ផ្តើមធ្វើប្រតិបត្តិការជាអចិន្រ្តៃយ៍ នៅដែនសមុទ្រមេឌីទែរ៉ាណេ»។ នាពេលកន្លងទៅនេះ រុស្ស៊ីបានធ្វើការដកកម្លាំងទ័ពមួយភាគធំរបស់ខ្លួន ចេញពីប្រទេសស៊ីរី ដោយទុកតែបន្ទាយទ័ពអាកាស ហាម៉ៃមីម (Hmeymim) និងមូលដ្ឋានជើងទឹក តាទូស (Tartus) នៅទីនោះប៉ុណ្ណោះ។
គួរជម្រាបថា មូលដ្ឋានទ័ពជើងទឹក Tartus នៅភាគពាយ័ព្យស៊ីរី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៧ សព្វថ្ងៃគឺជាមូលដ្ឋានគាំទ្រយោធាតែមួយគត់របស់រុស្ស៊ី នៅតំបន់មេឌីទែរ៉ាណេ។ កាលពីខែមករា រដ្ឋាភិបាលស៊ីរីបានយល់ព្រមឲ្យរុស្ស៊ី រក្សាទុកមូលដ្ឋានជើងទឹករបស់ខ្លួននៅក្រុង Tartus បានសម្រាប់រយៈពេលយ៉ាងតិច ៤៩ឆ្នាំ។ ម៉្យាងវិញទៀត ទីក្រុងម៉ូស្គូ ត្រូវបានអនុញ្ញាតឲ្យបញ្ជូននាវាចម្បាំងរហូតដល់ ១១គ្រឿង រួមទាំងនាវាដើមដោយថាមពលនុយក្លេអ៊ែរ ទៅកាន់បន្ទាយ Tartus ផងដែរ៕