(រ៉ង់ហ្គូន)៖ អ្នកសារព័ត៌មាន Reuters ពីររូបដែលត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួន កាលពីជាង០២សប្ដាហ៍មុន ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបន្ត នៅឯទីស្នាក់ការប៉ូលិសក្នុងទីក្រុងរ៉ង់ហ្គូន រយៈពីរសប្ដាហ៍ទៀត ខណៈការស៊ើបអង្កេតពីបទចោទប្រកាន់ថា ពួកគេបានរំលោភលើច្បាប់រក្សាការសំងាត់ជាតិ កំពុងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
នៅពេលបង្ហាញខ្លួនចំពោះមុខតុលាការ លោក វ៉ា ឡូណេ (Wa Lone) មានអាយុ ៣១ឆ្នាំ និងលោក ក្យរ សឿ អូ (Kyaw Soe Oo) មានអាយុ ១៧ឆ្នាំ ត្រូវគេអនុញ្ញាតឱ្យជួបជុំគ្រួសារ និងមេធាវី របស់ខ្លួនជាលើកដំបូង គិតចាប់តាំងពីការចាប់ខ្លួនពួកគេ កាលពីយប់ថ្ងៃទី១២ ខែធ្នូមក។ ជាមួយគ្នានោះ អ្នកសារព័ត៌មានទាំងពីរក៏បានអះអាងដែរថា មិនបានទទួលរងការធ្វើ ទុក្ខបុកម្នេញនៅពេលជាប់ឃុំនោះទេ។
«ស្ថានភាពរបស់ពួកយើងគឺល្អប្រសើរ ហើយយើងនឹងប្រឈមមុខ ក៏ដូចជាធ្វើអ្វីដែលយើងអាចធ្វើទៅបាន ពីព្រោះពួកយើងមិនបាន ប្រព្រឹត្តកំហុសណាមួយឡើយ... យើងមិនដែលបានរំលោភលើច្បាប់នៃប្រព័ន្ធផ្សព្វផ្សាយ ឬក៏សីលធម៌ជាអ្នកសារព័ត៌មាននោះទេ»។ នេះគឺជាការលើកឡើងរបស់លោក វ៉ា ឡូណេ (Wa Lone) ក្រោយបញ្ចប់សវនាការ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងពីរនាក់ខាងលើ គឺបម្រើការងារឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters ពាក់ព័ន្ធនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ជាទីដែលមនុស្ស ៦៥៥,០០០នាក់ បានរត់ភៀសខ្លួនចេញអំពើហិង្សា។ អ្នកទាំងពីរត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ា ចោទប្រកាន់ថា បានកាន់កាប់ផែនទីយោធាដោយខុសច្បាប់ ហើយបើសិនជាគេរកឃើញកំហុសមែន នោះពួកគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ១៤ឆ្នាំ៕