(វ៉ាស៊ីនតោន)៖ ដើមឈើធំដ៏ចំណាស់ ដែលបានឈរនៅក្បែរមាត់ច្រកខាងក្រោយសេតវិមាន អស់រយៈពេលជិត ០២សតវត្សរ៍ មកហើយនោះត្រូវបានគេកំណត់វេលាថា នឹងកាប់រំលំចោលនាចុងសប្តាហ៍នេះ ក្រោមការសម្រេចចិត្តយ៉ាងហ្មត់ចត់ពីសំណាក់ លោកជំទាវទីមួយអាមេរិក លោកស្រី មេឡានា ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកឯកទេស នៅឯទីភ្នាក់ងារអភិរក្សឧទ្យានជាតិអាមេរិក សណ្ឋាននៃដើមឈើខាងលើ មានសភាពទ្រុឌទ្រោមខ្លាំងមែន ហើយម៉្យាងវិញទៀតដើមឈើចំណាស់នេះ ពឹងផ្អែកទាំងស្រុងទៅលើគ្រឿងសិប្បនិម្មិត ដែលជួយធ្វើជាទម្រ ពីព្រោះថាបើគ្មានប្រព័ន្ធខ្សែកាបជួយទ្រទ្រង់ទីនោះ ម៉្លេះវានឹងដួលរំលំតាំងតែពីប៉ុន្មានឆ្នាំមុនបាត់ទៅហើយ។
ការសម្រេចចិត្តចុងក្រោយ ដើម្បីកាប់ដើមឈើនេះត្រូវបានធ្វើឡើង ដោយភរិយារបស់ប្រធានាធិបតីអាមេរិក លោកស្រី មេឡានា ត្រាំ បន្ទាប់ពីលោកស្រី បានពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់បំផុត ជាមួយក្រុមអ្នកជំនាញ រួមនឹងឯកសារប្រវត្តិសាស្រ្តនានា។ ទោះជាបែបនេះក៏ដោយ ដុំឈើដែលបានមកពីវា នឹងត្រូវថែរក្សាទុក បើតាមអ្នកនាំពាក្យរបស់លោកស្រី មេឡានា។
គួរជម្រាបថា ដើមឈើប្រភេទ Magnolia ដែលមានមែកធាងខ្ពស់ស្កឹមស្កៃដល់ជាន់ទី ២ នៃសេតវិមាននោះ ត្រូវបានដាំដោយអតីតប្រធានាធិបតីអាមេរិក លោក Andrew Jackson ដើម្បីជាអំណោយសាទរដល់ភរិយារបស់លោក គឺលោកស្រី Rachel ហើយចាប់ពីពេលនោះមក ដើមឈើនេះបានឆ្លងកាត់មេដឹកនាំអាមេរិកចំនួន ៣៩រូប។ ម៉្យាងវិញទៀត កូនឈើ Magnolia មួយផ្សេងទៀត ដែលត្រូវគេរាយការណ៍ថា មានប្រភពមកពីមែកនៃដើមឈើចំណាស់នេះផ្ទាល់ នឹងត្រូវយកមកដាំជំនួសកន្លែងរបស់វា នាពេលឆាប់ៗខាងមុខ៕