(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានប្រាប់សមភាគីអាមេរិក លោក រិច ធីល្លឺសុន ថាវាគឺជារឿងមិនអាចទទួលយកបាន ដែលទីក្រុងវ៉ាស៊ីនតោន បង្កើនភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ជាមួយសង្រ្គាមពាក្យសម្ដី និងការបង្កើនកម្លាំងយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
លោក Sergei Lavrov ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក រិច ធីល្លឺសុន នៅថ្ងៃអង្គារនេះតែម្តង។ នៅក្នុងកិច្ចសន្ទនានេះដែរ អ្នកទាំងពីរយល់ដូចគ្នាថា ការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង គឺរំលោភទាំងស្រុងលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ហើយមិនតែប៉ុណ្ណោះ ក៏បានបញ្ជាក់ដែរ ពីភាពចាំបាច់នៃការផ្លាស់ប្ដូរការដាក់ទណ្ឌកម្ម ទៅជាការដំណើរការកិច្ចចរចាវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារក្រសួងរតនាគារជាតិអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទាំងពីររូប គឺលោក គីម ចុងស៊ីក (Kim Jong-sik) និងលោក រី ព្យុងចុល (Ri Pyong-chol) ដែលអ្នកទាំងពីរសុទ្ធសឹងតែបម្រើការងារ ក្នុងនាយកដ្ឋានឧស្សាហកម្មអាវុធ របស់គណបក្សពលករកូរ៉េខាងជើង។ ប៉ុន្តែការដាក់ទណ្ឌកម្មនេះទៀត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញពីចេតនាធ្វើជាអ្នកសម្របសម្រួល និងផ្សះផ្សាជម្លោះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ត្រូវបានគេរំពឹងថា អាចនឹងស្វែងរកកិច្ចចរជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានឋានៈជារដ្ឋនុយក្លេអ៊ែរស្របច្បាប់៕