(ម៉ូស្គូ)៖ នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន Rostec Corporation លោក ស៊ឺហ្គៃ ឆេមេសូវ (Sergey Chemezov) ​បានឱ្យដឹង​ថា តួកគីបានទិញប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស S-400 ចំនួនបួនគ្រឿង​ក្នុងចំនួនទឹកប្រាក់ ២.៥ពាន់លានដុល្លារ ជាមួយ ៥៥ភាគរយ ជាកម្ចីក្រោម​កិច្ចសន្យា ដែល​កំពុងធ្វើឡើងដោយ​មានការជួយពីរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។

លោក Sergey Chemezov ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន Kommersant។ ថ្លែងនាឱកាស​នោះដែរ CEO រូបនេះបាន​បញ្ជាក់ថា ទីក្រុងអង់ការ៉ា បានទិញ S-400 ចំនួនបួន​គ្រឿងមានតម្លៃ ២.៥ពាន់លានដុល្លារ ហើយរដ្ឋមន្ត្រី​ហិរញ្ញវត្ថុរុស្ស៊ី និងតួកគី បានពិភាក្សារួចរាល់​ហើយ សម្រាប់​ការផ្តល់កម្ចីរបស់ទីក្រុង​ម៉ូស្គូសម្រាប់តួកគី។
«បច្ចុប្បន្ន​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃប្រទេសទាំងពីរ គួរតែអាច​បញ្ចប់កិច្ចព្រមព្រៀង​ផ្នែកហិរញ្ញវត្ថុ... ខ្ញុំអាចនិយាយបាន​ថា តួកគីនឹងចំណាយ​ប្រាក់ ៤៥ភាគរយ នៃចំនួនទឹក​ប្រាក់សរុប ខណៈ​៥៥ភាគរយទៀត គឺជាកម្ចីពីរុស្ស៊ី​ហើយយើងនឹង​ចាប់ផ្ដើម​ប្រគល់ S-400 ​នៅខែមីនា ឆ្នាំ២០២០»
គួរបញ្ជាក់ថា កាលពីដំបូងឡើយ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) ធ្លាប់បាន​និយាយថា ឯកសារពាក់ព័ន្ធនឹង S-400​ ត្រូវបានចុះ​ហត្ថលេខា ហើយ ទីក្រុងអង់ការ៉ា​ចង់ឈានដល់​កិច្ចព្រមព្រៀង ទិញប្រព័ន្ធមីស៊ីលនេះ​ក្នុងពេលឆាប់ៗនេះ៕