(អាមេរិក)៖ សេចក្តីសម្រេចដែលទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់សមាជិកនៃមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ក្នុងការទាត់ចោលការទទួលស្គាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះទីក្រុងហ្សេរុយសាឡឹមថា ជារដ្ឋធានីប្រទេសអ៊ីស្រាអែលនោះ បានបង្កភាពរាំងស្ទះជាខ្លាំងដល់មហិច្ឆតា នៃប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
អ្នកវិភាគមួយរូប ដែលមានជំនាញខាងបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល លោក អាលី អាប៊ូនីម៉ាហ៍ (Ali Abunimah) បានលើកឡើងថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ពិតជាបានធ្វើឲ្យអ៊ីស្រាអែលដើរថយក្រោយវិញ ជុំវិញមហិច្ឆតារបស់ខ្លួន មកលើទីក្រុងហ្សេរុយសាឡឹម។
លោក Abunimah បាននិយាយដូច្នេះថា «អ៊ីស្រាអែលត្រូវគេសង្កេតឃើញថា បានបន្តធ្វើការបំពានជាខ្លាំង ដោយមិនពុំមានការជំទាស់អ្វីគួរឲ្យកត់សម្គាល់ ពីអន្តរជាតិនោះឡើយ ហើយពួកគេប្រហែលជាបានគិតថា នៅពេលដែល លោក ត្រាំ បានធ្វើប្រកាសទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ពួកគេនោះ វានឹងបើកផ្លូវឲ្យប្រទេសជាច្រើនផ្សេងទៀត (បើមិនទាំងអស់) នឹងដើរតាមទង្វើរបស់លោក»។ អ្នកវិភាគរូបនេះបានបន្តថា «ក៏ប៉ុន្តែតាមពិតទៅអ្វីដែលបានកើតឡើង គឺជាការបង្ហាញពីការជំទាស់រួមគ្នា ដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយសំឡេងបោះឆ្នោតនៅក្នុងមហាសន្និបាត កាលពីសប្តាហ៍មុន ពិតជាគួរឲ្យកោតសរសើរ»។
គួរជម្រាបថា បើតាមលោក Abunimah វិបត្តិរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គួរត្រូវបានមើលឃើញតែជាបញ្ហារដ្ឋបាលលោក ត្រាំ តែឯងទេ ពីព្រោះថាសូម្បីតែអំឡុងរដ្ឋបាលអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិក បានបើកដៃគាំទ្រដល់អ៊ីស្រាអែល ខ្លាំងជាងនេះទៅទៀត។ លោក Abunimah បានបញ្ជាក់ថា អ៊ីស្រាអែល ដែលភាពជំនឿចិត្ត និងមោទនភាពរួចស្រេចទៅហើយពី លោក ត្រាំ និងលោក អូបាម៉ា ក្នុងការចាត់វិធានដែលខ្លួនគិតថា ចាំបាច់នោះយល់ថា ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងកាន់កាប់ហ្សេរុយសាឡឹមទាំងស្រុង ហើយការទាមទាររបស់ខ្លួនទៅលើទីក្រុងពិសិដ្ឋនេះ ហាក់ដូចជាពេញលេញហើយ ប៉ុន្តែនាពេលនេះទើបពួកគេដឹងថា អ្វីៗគឺមានការស្មុគស្មាញខ្លាំង មិនងាយដូចការគិតរបស់ពួកគេឡើយ៕