(អាមេរិក)៖ ផ្ទាំងទឹកកកនៅលើព្រះច័ន្ទយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) ប្រហែលកំពុងធ្វើចលនានៅលើផ្ទៃនៃឋានរណបមួយនេះ ពីខ្សែបន្ទាត់អេក្វាទ័រទៅកាន់តំបន់ប៉ូលទាំងពីរ ឬក៏ពីតំបន់ប៉ូលទាំងពីរទៅកាន់ខ្សែបន្ទាត់អេក្វាទ័រ ដែលអាចផ្តល់ជាអត្ថប្រយោជន៍សម្រាប់ការសិក្សាស្វែងយល់ នៃបេសកកម្មនាពេលអនាគតទៅកាន់ទីនោះ។ នេះបើតាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយ ដែលដកស្រង់ដោយវែបសាយអវកាស-វិទ្យាសាស្រ្ត Space នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
បើតាមក្រុមអ្នកស្រាវជ្រាវ បេសកកម្មនាថ្ងៃអនាគតទៅកាន់ Europa អាចធ្វើការសិក្សាវិភាគទៅលើចលនាលំហូរ នៃផ្ទាំងទឹកកកនេះ ដើម្បីស្វែងរកតំរុយថា តើមហាសមុទ្រដែលលាក់ខ្លួននៅក្រោមផ្ទៃនៃផ្ទាំងទឹកកនោះ អាចនឹងមានភាពកក់ក្តៅគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជីវិតក្នុងទម្រង់ណាមួយដែរ ឬយ៉ាងណា។ អ្នកវិទ្យាសាស្រ្តធ្លាប់បាននិយាយថា Europa មានទំហំជិតស្មើនឹងឋានព្រះច័ន្ទរបស់ភពផែនដី។ នៅក្រោមសំបកនៃផ្ទាំងទឹកកក ដែលមានកម្រាស់រហូតដល់ជាង ៣០គីឡូម៉ែត្រ ព្រះច័ន្ទ Europa ប្រហែលជាមានផ្ទុកនូវមហាសាគរដ៏ធំមួយ ដែលមានជម្រៅប្រមាណ ១៦០គីឡូម៉ែត្រ។
លោក Yosel Ashkenazy ដែលជាប្រធាននិពន្ធនៃការសិក្សាខាងលើ បាននិយាយថា ដោយហេតុតែជីវិតស្ទើរតែកើតមាន នៅគ្រប់ទីកន្លែងដែលមានទឹក នៅលើភពរបស់យើងនោះ Europa អាចជាទីតាំងដ៏ទំនងជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យ សម្រាប់ការរុករកវត្តមាននៃទម្រង់ជីវិតនៅក្រៅភពផែនដី។
ជុំវិញរឿងការរកឃើញថ្មីនេះ លោក Ashkenazy បានឲ្យដឹងថា កម្រិតនៃចលនាលំហូររបស់ផ្ទាំងទឹកកក នឹងមានសភាពយឺតជាខ្លាំង ពោលគឺប្រមាណជា ០១សង់ទីម៉ែត្រ ក្នុងមួយឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ បេសកកម្មនាថ្ងៃអនាគត ទៅកាន់ Europa នៅតែអាចធ្វើការស្វែងរកសញ្ញានៃលំហូរនេះបាន តាមរយៈការវាស់វែងទៅលើកម្រាស់ផ្ទៃសំបកផ្ទាំងទឹកកក នៅលើព្រះច័ន្ទនេះ នៅតាមទីតាំងខុសៗគ្នាទូទាំងផ្ទៃរបស់វា។ បើតាមលោក Ashkenazy ដោយធ្វើយ៉ាងដូច្នេះ វាអាចជួយឲ្យយើងយល់កាន់តែច្បាស់ថា តើមានអ្វីកំពុងកើតឡើងនៅក្រោមផ្ទៃរបស់ Europa៕