(ហ្សកដានី)៖ បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត ក៏ដូចជាខ្នងបង្អែកដ៏ធំរបស់ខ្លួន នៅតែប្រកាន់ជំហរទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយនឹងរុះរើស្ថានទូតរបស់ខ្លួន ទៅកាន់ទីនោះប្រទេសជប៉ុនបានប្រកាសថា នឹងមិនដើរតាមទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងឱកាសនៃកិច្ចជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសហ្សកដានី លោក Ayman Safadi ប្រមុខការទូតជប៉ុន លោក Taro Kono បានលើកឡើងថា ជប៉ុនចាត់ទុកទីក្រុងហ្សេរុយសាឡឹម ជាបញ្ហាដ៏សំខាន់បំផុតមួយ ដែលត្រូវឆ្លងកាត់ការដោះស្រាយ តាមរយៈកិច្ចចរចាដោយផ្ទាល់។ លោក Kona ក៏បានបញ្ជាក់ជាថ្មីម្តងទៀត អំពីការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះដំណោះស្រាយរដ្ឋពីរ ព្រមទាំងបានអះអាងថា នឹងមិនផ្លាស់ប្តូរទៅកាន់ស្ថានទូត ទៅកាន់ទីក្រុងហ្សេរុយសាឡឹម តាមសហរដ្ឋអាមេរិកឡើយ។
ឯលោករដ្ឋមន្រ្តីការបរទេសហ្សកដានីវិញបានថ្លែងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរុះរើស្ថានទូតអាមេរិក ចេញពីទីក្រុងតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹម គឺជាការបំពានលើច្បាប់អន្តរជាតិ រួមទាំងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ៕