(វ៉ាស៊ីនតោន)៖ អគ្គិភ័យបានបំផ្លាញអគារលំនៅឋាន ៣៥ខ្នង នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ក្បែរទីក្រុង ហួស្តុន (Houston) ជាទីក្រុងធំទី ៤ របស់សហរដ្ឋអាមេរិក ស្ថិតក្នុងរដ្ឋតិចសាស់ភាគខាងត្បូង។ នេះបើតាមក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
អគ្គិភ័យនេះបានកើតឡើងនៅក្នុងទីក្រុង South Houston ស្ថិតនៅចំងាយ ២០គីឡូម៉ែត្រ ពីភាគអាគេ្នយ៍ទីក្រុង Houston។ ក្រុមអ្នកពន្លត់អគ្គីភ័យ មានលទ្ធភាពគ្រប់ស្ថានការណ៍បានភ្លាមៗ ប៉ុន្តែពួកគេបានប្រើប្រាស់រយៈពេល ០៦ម៉ោង ដើម្បីពន្លត់អណ្ដាតភ្លើង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរនៅក្នុងតំបន់ អគ្គីភ័យនេះបានបង្ខំឱ្យមនុស្សជាច្រើននាក់ រត់ចេញពីអគារផ្ទះសម្បែងរបស់ពួកគ ប៉ុន្តែគ្មាននរណាម្នាក់រងបួស ខណៈបើតាមកាកបាតក្រហមអាមេរិក មនុស្ស ៥០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ចំណែកឯមូលហេតុនៃគ្រោះអគ្គិភ័យ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕