(ហាណូយ)៖ ព្យុះដ៏ខ្លាំងក្លាមួយដែលបានវាយប្រហារយ៉ាងដំណំ ទៅលើប្រទេសហ្វីលីពីន និងផ្តាច់ជីវិតមនុស្សជាង ២៣០នាក់ ដោយគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីនោះ បានចុះថយឥទ្ធិពលរបស់ខ្លួនហើយនាពេលនេះ ខណៈវាបានធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលមនុស្សរាប់លាននាក់ បានភៀសខ្លួនជ្រកកោណតាមទីសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមគណៈកម្មាធិការបង្ការគ្រោះមហន្តរាយវៀតណាម ព្យុះខាងលើនេះ បានធ្វើដំណើរមកដល់ដែនទឹករបស់ប្រទេសវៀតណាម ក៏ប៉ុន្តែបានថមថយអានុភាពទៅវិញ និងពុំបានបង្កឲ្យមានជនរងគ្រោះណាម្នាក់ឡើយ បន្ទាប់ពីរដ្ឋាភិបាលបានបង្គាប់ឲ្យ នាវាដឹកប្រេងរួមទាំងស្ថានីយបូមប្រេងនានា នៅលើផ្ទៃសមុទ្រការពារខ្លួន និងបានប្រាប់មិនឲ្យទូកនេសាទប្រហែល ៦២,០០០គ្រឿង ចេញនេសាទនៅសមុទ្រឡើយ។
ប្រទេសវៀតណាមក៏ដូចនឹងហ្វីលីពីនដែរ ជាធម្មតាតែងតែទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុង ដែលបានកើតឡើងនៅលើផ្ទៃទឹកដ៏កក់ក្តៅ នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយធ្វើដំណើរទៅរកដែនដីនៅភាគខាងលិចពួកវា។
កាលពីពីរថ្ងៃមុនអាជ្ញាធរតាមបណ្តាខេត្តជាប់មាត់សមុទ្រ នៅភាគខាងត្បូងប្រទេសវៀតណាម បានធ្វើការជម្លៀសប្រជាជនយ៉ាងបន្ទាន់ សរុបប្រមាណជិត ១លាននាក់ ទៅរកកន្លែងមានសុវត្ថិភាព ខណៈព្យុះទីហ្វុង ធឹមប៊ីន (Tembin) កំពុងតែសំដៅមកប្រទេសអាស៊ានមួយនេះហើយ ក្រោយពីវាបានសម្លាប់ប្រជាជនហ្វីលីពីនអស់ ២០០នាក់ កាលពីសប្តាហ៍មុន។
នៅថ្ងៃអង្គារ៍នេះផងដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋហ្វីលីពីន ដែលបានរងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះបណ្តាលមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឆក់យកអាយុជីវិតប្រជាពលរដ្ឋមួយចំនួន។
គួរបញ្ជាក់ថា កាលពីព្យុះទីហ្វុង Linda វាយប្រហារប្រទេសវៀតណាម កាលពីអំឡុងឆ្នាំ១៩៩៧ បានបណ្តាលឲ្យមនុស្សរហូតដល់ ៣,០០០នាក់ស្លាប់ និងបាត់ខ្លួន ដែលបទពិសោធន៍ដ៏ឈឺចាប់បំផុតនេះ ប្រទេសវៀតណាមមិនអាចឲ្យកើតមានម្តងទៀតឡើយ។ នៅឆ្នាំ២០១៧នេះ ព្យុះកំណាចសរុប ១៥ បានវាយប្រហារវៀតណាម ដោយបានផ្តាច់ជីវិតមនុស្ស ៣៨៦នាក់ និងខូចខាតសេដ្ឋកិច្ច ២.៦ពាន់លានដុល្លារ៕