​(ទុយនីស)៖ អាជ្ញាធរ​ទុយនីស៊ីបាននិយាយ​ថា ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការផ្អាករាល់ជើង​ហោះហើរ នៃក្រុមហ៊ុន​អាកាសចរណ៍ Emirates airline ចូលក្នុង​ប្រទេស មិនអាចត្រូវ​បានចាត់ទុកថា ជាជម្លោះការទូត​រវាងប្រទេសអាហ្វ្រិក​ខាងជើង​មួយនេះ និងប្រទេស​អេមីរ៉ាត់អារ៉ាប់​រួម​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧។

ភាពតានតឹង​បានចាប់ផ្ដើមឡើងកាលពី​ថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែល​ក្រុមហ៊ុន Emirates airline បានហាមមិន​ឱ្យអ្នកដំណើរ​ជាស្ត្រីទុយនីស៊ី​ជាច្រើននាក់ជិះលើ​យន្ដហោះ ​ធ្វើដំណើរទៅកាន់​ប្រទេសអេមីរ៉ាត់អារ៉ាប់​រួម ដោយមិន​បានផ្ដល់ហេតុផល​អ្វីទាំងអស់។ ប៉ុន្តែ​ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃអង្គារ អ្នកនាំ​ពាក្យវិមាន​ប្រធានាធិបតី​ទុយនីស៊ី លោកស្រី Saida Garrach បានលើក​ឡើងថា ការសម្រេចចិត្ត​របស់អេមីរ៉ាត់អារ៉ាប់រួម គឺដោយសារពួកគេការភ័យខ្លាច​ក្រែងថា ស្ត្រីទុយនីស៊ី​ទាំងនេះ ធ្វើសកម្មភាព​វាយប្រហារណាមួយ​ នៅក្នុង​ប្រទេស​របស់ខ្លួន។

គួរបញ្ជាក់ថា ការហាមឃាត់​ស្ត្រីទុយនីស៊ី មិនឱ្យឡើងជិះយន្ដហោះនេះ បានបង្កជាការខឹងសម្បារ​យ៉ាងខ្លាំង នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម និងនៅ​អាកាសយានដ្ឋាន ទុយនីស៊ី រហូតដល់ក្រសួង​ដឹកជញ្ជូនទុយនីស៊ី​ផ្ទាល់​សម្រេចផ្អាករាល់ជើងហោះហើរ​របស់ Emirates airline ចូលក្នុង​ប្រទេស៕